មុខសញ្ញាកាប់ប្លន់ឆ្លងខេត្តដ៏សាហាវ ត្រូវបានបង្ក្រាបដោយកម្លាំងនគរបាល ស្រុកគងពិសី

គងពិសី៖ ដោយមានការចង្អុលបង្ហាញដោយលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងលោកឧត្តមសេនីយ៍ត្រី សម សាក់ ស្នងការរងទទួលផែនការព្រហ្មទណ្ឌ ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី
នៅយប់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥ ចំណុចផ្លូវជាតិលេខ៤១ ភូមិចាស់ ឃុំព្រៃញាតិ ស្រុកគងពិសី មានជនសង្ស័យ ២នាក់ ជិះម៉ូតូម៉ាក់Winner X ពណ៌ខ្មៅ ធ្វើសកម្មភាពជិះដេញតាមជនរងគ្រោះ ធាក់ឱ្យដួលហើយបានយកដាវកាប់ទៅលើជនរងគ្រោះ បណ្តាលឱ្យរបួសដៃស្តាំរួចយកម៉ូតូជនរងគ្រោះជិះចេញទៅ ភ្លាមៗនោះកម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលស្រុកគងពិសី បានធ្វើការប្រដេញស្ទាក់ចាប់បានជនសង្ស័យ ចំនួន ២នាក់ ៖
១.ឈ្មោះ ហែល បញ្ញា ភេទប្រុស អាយុ ២៦ឆ្នាំ រស់ភូមិកំណប់ ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
២.ឈ្មោះ ផន ពេជ្រ ភេទប្រុស អាយុ ២៧ឆ្នាំ នៅភូមិព្រៃតាលឹម ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
– តាមចម្លើយសារភាពពួកគេ ធ្លាប់ធ្វើសកម្មភាព កាប់ប្លន់យកម៉ូតូ ចំនួន ៣លើក គឺនៅស្រុកគងពិសី ១លើក និង ២លើកទៀត លើផ្លូវជាតិលេខ៣.លើផ្លូវជាតិលេខ២ ក្នុងភូមិសាស្រ្តខេត្តកណ្ដាល ។
– ចំពោះម៉ូតូ ម៉ាកសង់ពណ៌ខ្មៅ សេរីឆ្នាំ២០២០ ដែលបានកាប់ប្លន់យកនៅលើផ្លូវជាតិ៤១ ភូមិបឹងប្រស្រែ ឃុំព្រៃញាតិ ស្រុកគងពិសី (ស្ពឺ) កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ បានលក់ទៅឲ្យឈ្មោះ សាយ បូរី ភេទប្រុស ក្នុងតម្លៃ ៤០០ដុល្លា ។
ក្រោយពីទទួលបានចម្លើយខាងលើ កម្លាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកគងពិសី សហការជាមួយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានធ្វើការឃាត់ខ្លួនបានមុខសញ្ញាសង្ស័យទទួលផលចោរកម្ម ចំនួន ២នាក់ ៖
១.ឈ្មោះ សាយ បូរី ភេទប្រុស អាយុ ៣៧ឆ្នាំ នៅភូមិពង្រ ឃុំស្រង់ ស្រុកគងពិសី (ស្ពឺ)
២.ឈ្មោះ ណៃ ឌីម ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិរាំង ឃុំជង្រុក ស្រុកគងពិសី (ស្ពឺ)ជាមុខសញ្ញាទទួលផលចោរកម្ម មានដីចាប់ខ្លួន ចំនួន ០៣ច្បាប់
ក្នុងប្រតិបត្តិការខាងលើ បានដកហូតវត្ថុតាងរួមមាន ម៉ូតូ ៣គ្រឿង (ម៉ូតូជនរងគ្រោះ ១គ្រឿង និងម៉ូតូជនងសង្ស័យធ្វើសកម្មភាព ២គ្រឿង) និងដាវកែឆ្នៃ ២ដើម ។
ចំពោះម៉ូតូជនរងគ្រោះ បានប្រគល់ឱ្យជនរងគ្រោះវិញ។
ជនសង្ស័យទាំង ០៤នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

You might also like