លោក ឃួង ស្រេង ណែនាំឱ្យមន្ត្រីបក្សយកចិត្តទុកដាក់ចំពោះបញ្ហាសុខទុក្ខពលរដ្ឋ នៅក្នុងមូលដ្ឋាន និងរួមសាមគ្គីគ្នាជាធ្នុងមួយ ក្នុងស្មារតីជាតិខ្មែរតែមួយ
(ភ្នំពេញ)៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានណែនាំឱ្យមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា មើលថែជីវភាពប្រជាពលរដ្ឋ ដែលរស់ក្នុងមូលដ្ឋានរបស់ខ្លួន ដោយមើលទាំងលើការហូបចុក និងការសិក្សារៀនសូត្រ សម្រាប់កូនចៅរបស់ពួកគាត់ ពោលគឺបើពួកគាត់ខ្វះខាតពិតមែន ត្រូវតែជួយសម្រួលជួយពួកគាត់។ ត្រូវរួមសាមគ្គីគ្នាជាធ្នុងមួយ ជាមួយនិងការមិនប្រើប្រាស់របស់គេ ដើម្បីឱ្យកម្ពុជាសម្រេចបានជោគជ័យ ក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ឱ្យបាន។
ការណែនាំបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណៈកម្មាធិការគណបក្ស សង្កាត់អូរប្ញស្សីទី១ និងអូរប្ញស្សីទី២ ខណ្ឌ៧មករា ក្រោយបញ្ចប់ម៉ោងការងាររដ្ឋបាល នាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥នេះ នៅសាលាប៊ែលធីគ្រុប។
លោក ឃួង ស្រេង បានលើកឡើងថា៖ «ក្នុងនាមជាមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា ការងារចំពោះមុខ គឺការមើលថែជីវភាព របស់ប្រជាពលរដ្ឋ ក៏ដូចកូនចៅសមាជិកក្រុមប្រឹក្សា កងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ កងកម្លាំងប្រជាការពារសង្កាត់ ដោយមើលទាំងការហូបចុក និងការសិក្សារៀនសូត្រ សម្រាប់កូនចៅពួកគាត់ ពោលគឺបើខ្វះការហូបចុកត្រូវផ្តល់ស្បៀងជូនពួកគាត់ ហើយបើកូនចៅគាត់ មិនមានប្រាក់គ្រប់គ្រាន់ ក្នុងការសិក្សារៀនសូត្រ នៅមហាវិទ្យាល័យ គួរត្រូវបានផ្តល់អាហាររូបករណ៍ជូនពួកគាត់។ បើយើហចង់អភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចម្រើន គឺត្រូវការធនធានមនុស្សជាដាច់ខាត់ ដូច្នេះហើយ ទើបរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានយកចិត្តទុកដាក់ខ្លាំងណាស់ ក្នុងការបណ្តុះបណ្តាធនធានមនុស្សនេះ»។
លោក ឃួង ស្រេង ក៏បានថ្លែងនូវការកោតសរសើរផងដែរ ចំពោះសមាជិក សមាជិកាបក្ស និងប្រជាពលរដ្ឋ បើទោះបីបានចាកចេញពីមូលដ្ឋានរបស់ខ្លួនរស់នៅក្តី ប៉ុន្តែនៅពេលបោះឆ្នោត ពួកគាត់តែងបានវិលត្រឡប់មកវិញ ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ធ្វើឱ្យគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជំនះរហូតមក។ មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលថ្នាក់ដឹកនាំបក្ស នោះគឺសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងបន្តមកសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី មានសុខ រួមសុខ មានទុក្ខរួមទុក្ខជាមួយប្រជាពលរដ្ឋ ដោយមិនរត់ចោលប្រជាពលរដ្ឋឡើយ។ ជាក់ស្តែងនៅពេលជួបបញ្ហាជាមួយថៃ កន្លងមថ្នាក់ដឹកនាំរបស់យើងប្តេជ្ញាចិត្តយ៉ាងដាច់ខាត ក្នុងកិច្ចការពារបូរណភាពទឹកដី មិនឱ្យបាត់បង់មួយមីលីម៉ែត្រឡើយ។
លោក ឃួង ស្រេង បានបន្តថា៖ «យើងត្រូវដឹងថា អ្នកជិតខាងរបស់យើង គេមិនចង់ឱ្យប្រទេសយើងរីកចំរើន និងសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ឡើយ។ ដូច្នេះយើងត្រូវរួមសាមគ្គីគ្នាជាធ្នុងមួយ ជាមួយនិងការមិនប្រើប្រាស់របស់គេ ដើម្បីឱ្យកម្ពុជាសម្រេចបានជោគជ័យ ក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ឱ្យបាន»។
លោក ឃួង ស្រេង បានបន្តថា ការជួបជុំគ្នាថ្ងៃនេះ គឺដើម្បីពិភាក្សា ពិគ្រោះយោបល់ រកចំណុចខ្លាំង ចំណុចខ្សោយ ធ្វើយ៉ាងណា ឱ្យគណបក្សប្រជាជនកម្ពុជា សម្រេចបានមហិច្ចតារបស់គណបក្ស គឺដឹកនាំប្រទេសជារៀងរហូត៕