ក្រុមហាម៉ាស ៖ បាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា ខ្លួនបានត្រៀមរួចជាស្រេចដើម្បីឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សាដោយផ្អែកលើផែនការរបស់ប្រធានាធិបតីលោក Donald Trump
ក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា ខ្លួនបានត្រៀមរួចជាស្រេចដើម្បីឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សាដោយផ្អែកលើផែនការរបស់ប្រធានាធិបតីលោក Donald Trump ប៉ុន្តែនៅតែមានការទាមទារមួយចំនួន ខណៈនាយករដ្ឋមន្រ្តីកាតា និងក្រុមអ្នកសម្របសម្រួលជាន់ខ្ពស់របស់សហរដ្ឋអាមេរិកបានធ្វើដំណើរទៅកាន់ប្រទេសអេហ្ស៊ីប ដើម្បីចូលរួមការចរចាដោយប្រយោលរវាងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះ និងអ៊ីស្រាអែល។
នៅថ្ងៃខួប២ឆ្នាំ នៃការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៊ីស្រាអែលដែលបង្កឱ្យមានសង្រ្គាមនៅតំបន់ហ្កាហ្សារហូតដល់បច្ចុប្បន្ន លោក Trump បានបង្ហាញសុទិដ្ឋិនិយមអំពីវឌ្ឍនភាពឆ្ពោះទៅរកកិច្ចព្រមព្រៀងហ្កាហ្សា។ ក្រុមការងាររបស់សហរដ្ឋអាមេរិក រួមទាំងបេសកជនពិសេសលោក Steve Witkoff និងលោក Jared Kushner កូនប្រសាររបស់លោក Trump និងបេសកជនមជ្ឈិមបូព៌ារបស់លោក ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក បានចាកចេញសម្រាប់ការពិភាក្សា។
ប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ បានប្រាប់អ្នកសារព័ត៌មាននៅក្នុងការិយាល័យ Oval Office ថា លោកគិតថាមានលទ្ធភាពដែលអាចមានសន្តិភាពនៅមជ្ឈិមបូព៌ា លើសពីដែនដីហ្កាហ្សា។
ប្រភពស្និទ្ធនឹងការចរចាបាននិយាយថា ពួកគេបានផ្អាកសម្រាប់ថ្ងៃនេះ ហើយបរិយាកាសបានល្អប្រសើរជាងថ្ងៃចន្ទ។ការចរចានៅថ្ងៃពុធនឹងក្លាយជាការចង្អុលបង្ហាញយ៉ាងច្បាស់លាស់ថាតើមានវឌ្ឍនភាពអាចធ្វើទៅបានដែរឬទេ សម្រាប់វត្តមានរបស់ក្រុមអ្នកសម្របសម្រួលជាន់ខ្ពស់។ មន្ត្រីម្នាក់បានប្រាប់សារព័ត៌មានរ៉យទ័រថា លោកនាយករដ្ឋមន្ត្រី Sheikh Mohammed bin Abdulrahman al-Thani របស់ប្រទេសកាតា ដែលជាអ្នកសម្របសម្រួលដ៏សំខាន់មួយរូប នឹងចូលរួមកិច្ចចរចានៅថ្ងៃពុធនេះ ក្នុងគោលបំណងជំរុញផែនការបទឈប់បាញ់ហ្កាហ្សា និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង៕