ក្រុមអ្នកឡើងភ្នំ Everest របស់ចិន ត្រូវបាននាំផ្លូវទៅកាន់ទីកន្លែងមានសុវត្ថិភាព ក្រោយជាប់ខ្លួនដោយសារព្យុះព្រិល

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានឱ្យដឹងថា ក្រុមអ្នកឡើងភ្នំសរុបចំនួន ៥៨០ នាក់ ដែលបានជាប់ក្នុងអាកាសធាតុអាប់អួរធ្ងន់ធ្ងរនៅជិតភ្នំ Everest ត្រូវបាននាំផ្លូវទៅកាន់ទីសុវត្ថិភាពនៅក្នុងតំបន់ទីបេហើយ។
ទូរទស្សន៍ CCTV របស់ចិន បានរាយការណ៍កាលពីថ្ងៃអង្គារថា អ្នកឡើងភ្នំ បានមកដល់ទីប្រជុំជនតូចមួយនៃទីក្រុង Qudang និងតំបន់ជុំវិញនោះ រួមជាមួយក្រុមមគ្គុទ្ទេសក៍ក្នុងស្រុក និងបុគ្គលិកជំនួយផ្សេងទៀតចំនួន ៣០០ នាក់ ។
ក្រុមចុងក្រោយនៃអ្នកឡើងភ្នំប្រហែល១០នាក់ ដែលអមដំណើរដោយក្រុមអ្នកជួយសង្គ្រោះ មិនទាន់ទៅដល់ទីក្រុង Qudang នៅឡើយទេ ប៉ុន្តែបានទៅដល់កន្លែងជួបប្រជុំគ្នាមួយ ដែលមានឧបករណ៍ផ្ដល់កម្ដៅ អុកស៊ីសែន និងការផ្គត់ផ្គង់សង្គ្រោះបន្ទាន់ផ្សេងទៀត។
ក្រុមអ្នកទេសចរ បានជាប់គាំងនៅរយៈកម្ពស់ជាង៤ .៩០០ ម៉ែត្រ បន្ទាប់ពីព្រិលធ្លាក់ខ្លាំងបានបិទផ្លូវរបស់ពួកគេឡើងលើជម្រាលភាគខាងកើតនៃ ភ្នំ Everestកាលពីចុងសប្តាហ៍មុន។
ព្យុះព្រិលនេះ បានវាយប្រហារអំឡុងពេលថ្ងៃឈប់សម្រាក Golden Week រយៈពេលប្រាំបីថ្ងៃរបស់ប្រទេសចិន ដែលជារដូវកាលដ៏ពេញនិយមសម្រាប់ទេសចរណ៍ក្នុងស្រុក។
ខែតុលា ជាធម្មតាផ្តល់នូវផ្ទៃមេឃស្រឡះល្អ និងសីតុណ្ហភាពល្មម ធ្វើឱ្យវាក្លាយជាខែមួយក្នុងចំណោមខែជាច្រើន ដែលរីករាយក្នុងការឡើងលើតំបន់ភ្នំ Everest៕

You might also like