សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី១៣ AMMDM-13 កិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃទី១៦ ខែតុលា
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី ក្នុងពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពី ការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី១៣ AMMDM-13 កិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។ កិច្ចប្រជុំនេះ នឹងដឹកនាំដោយ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គ.ជ.គ.ម. និង ជាប្រធានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកការគ្រប់គ្រងគ្រោះមហន្តរាយ ។
បើតាមសេចក្តីប្រកាសព័ត៌មាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ និងភាពជាប្រធានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី១៣ (AMMDM-13) កិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន លើកទី៤៧ (ACDM-47) និង កិច្ចប្រជុំពាក់ព័ន្ធដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។
កិច្ចប្រជុំ AMMDM-13 និងកិច្ចប្រជុំ ACDM-47 បម្រើជាវេទិកាថ្នាក់តំបន់សម្រាប់ប្រទេសសមាជិកអាស៊ាន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការកាត់បន្ថយ និងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ បង្កើនភាពធន់ និងលើកកម្ពស់ការត្រៀមរៀបចំតាមរយៈការកសាងសមត្ថភាព កិច្ចសន្ទនាគោលនយោបាយ និងការចែករំលែកការអនុវត្តល្អៗ។
ចំពោះសមាសភាពចូលរួម នឹងរួមមានរដ្ឋមន្ត្រីទទួលបន្ទុកគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញមកពីប្រទេសជាសមាជិកអាស៊ាន ក៏ដូចជាមកពីសាធារណរដ្ឋប្រជាមានិតចិន ជប៉ុន សាធារណរដ្ឋកូរ៉ ស្ថិតក្រោមយន្តការកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយបូក (AMMDM Plus) ហើយ ប្រទេសទីម័រឡេស្ត នឹងចូលរួមជាអ្នកសង្កេតការណ៍។ កិច្ចប្រជុំនេះក៏នឹងមានការចូលរួមពីអគ្គលេខាធិការអាស៊ាន នាយកប្រតិបត្តិនៃមជ្ឈមណ្ឌល-អាហា មន្ត្រីជាន់ខ្ពស់មកពីស្ថាប័នពាក់ព័ន្ធតាមវិស័យអាស៊ាន និងតំណាងដៃគូអភិវឌ្ឍន៍៕