ជប៉ុនផ្ដល់ឥណទានសម្បទានទឹកប្រាក់សរុបជិត ៣០០លានដុល្លារ សម្រាប់អនុវត្តគម្រោងចំនួនពីរនៅកម្ពុជា

នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥នេះ កម្ពុជា និងជប៉ុន បានចុះហត្ថលេខាលើលិខិតប្ដូរសារ ស្ដីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េនរបស់រដ្ឋាភិបាលជប៉ុន សរុបជិត ៣០០លានដុល្លារសហរដ្ឋអាមេរិក សម្រាប់អនុវត្តគម្រោងចំនួនពីរ គឺគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនិរោធ និងគម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយអគ្គិសនីក្នុង រាជធានីភ្នំពេញ (ដំណាក់កាលទី៣)។
ពិធីចុះហត្ថលេខានេះប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជា គម្រោងទាំងពីរនោះរួមមាន៖ ១. ទឹកប្រាក់ចំនួន ២១.៥២៦.០០០.០០០ យ៉េន (ប្រមាណ ១៤៣.៥ លានដុល្លារ អាម៉េរិក) សម្រាប់អនុវត្តគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនិរោធ និង ២. ទឹកប្រាក់ចំនួន ២២.៩១១.០០០.០០០ យ៉េន (ប្រមាណ ១៥២.៧ លានដុល្លារ អាម៉េរិក) សម្រាប់អនុវត្តគម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយអគ្គិសនីក្នុង រាជធានីភ្នំពេញ (ដំណាក់កាលទី៣)។
ការបន្តផ្តល់ជំនួយហិរញ្ញវត្ថុនេះ បញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ជប៉ុន ក្នុងការ ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា និងពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត គ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ៕

You might also like