កម្ពុជា-វៀតណាម ប្រជុំលើកទី៥ ស្តីពីកិច្ចសហប្រតិបត្តិការប្រឆាំងបទល្មើសគ្រឿងញៀន
សៀមរាប ៖ លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា បានដឹកនាំគណៈប្រតិភូ តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រជុំបីអង្គភាព លើកទី៥ រវាងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា, នាយកដ្ឋានតម្រួតស្រាវជ្រាវបទល្មើសគ្រឿងញៀន នៃក្រសួងនគរបាលវៀតណាម, និងនាយកដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទល្មើស បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន នៃក្រសួងការពារជាតិវៀតណាម ក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍ លើកកម្ពស់ប្រសិទ្ធិភាពកិច្ចសហការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការទប់ស្កាត់បទល្មើសគ្រឿងញៀន នៅតាមតំបន់ព្រំដែនកម្ពុជា-វៀតណាម ។
លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ថ្លែងនូវក្តីស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានររបស់ លោក ឧត្តមសេនីយ៍ត្រី ឌូ ង៉ុកកាញ់ ប្រធានគណៈប្រតិភូនាយកដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទល្មើស នៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារជាតិ វៀតណាម និងលោកវរសេនីយ៍ឯក ហ្វ័ង តាំហ៊ីវប្រធានគណៈប្រតិភូតតម្រូតស៊ើបអង្កេតបទស្មើសគ្រឿងញៀន នៃក្រសួងនគរបាលវៀតណាម និងគណប្រតិភូទាំងអស់ ដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំលើកទី៥ ស្តីពី កិច្ចសហប្រតិបត្តិការប្រឆាំងបទល្មើសគ្រឿងញៀនកម្ពុជា-វៀតណាម នៅព្រះរាជាណាចក្រកម្ពុជា ។
លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ ឯកឧត្តម ឃឹង សារ៉ាត់ មានប្រសាសន៍ថា ប៉ុន្មានឆ្នាំកន្លងទៅនេះ បើទោះបីប្រទេសយើងទាំងពីរ ក៏ដូចជាតំបន់ និងពិភពលោកទាំងមូលបានទទួលរងនូវវិបត្តិធ្ងន់ធ្ងរដែលបណ្តាលមកពីគ្រោះធម្មជាតិ និង បញ្ហាសង្គ្រាមនៅបណ្តាប្រទេសមួយចំនួនក្តី ក៏បញ្ហាទាំងនេះមិនបានបង្អាក់ចំពោះដំណើរការប្រព្រឹត្តបទល្មើសគ្រឿងញៀននៃក្រុមឧក្រឹដ្ឋជននោះឡើយ ផ្ទុយទៅវិញក្រុមឧក្រឹដ្ឋជនទាំងនោះបានឆ្លៀតឱកាសបង្កើនសកម្មភាពលួចកែច្នៃ ផលិត និងចរចរគ្រឿងញៀនកាន់តែសកម្ម និងមានបរិមាណកាន់តែច្រើននៅទូទាំងតំបន់ និងពិភពលោក ។ ដើម្បីឆ្លើយតបនឹង ស្ថានភាពនេះរាជរដ្ឋាភិបាលកម្ពុជាកាន់តែពង្រឹង និងផ្តោតការយកចិត្តទុកដាក់ថែមទៀត តាមរយៈការបន្តដាក់ ចេញនូវយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនជាបន្ត បន្ទាប់ ដែលមកដល់ឆ្នាំនេះ យើងឈានដល់យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ ។ ជាលទ្ធផលតាមរយៈការខិតខំប្រឹងប្រែងអនុវត្តន៍ពីសំណាក់ អង្គភាពអនុវត្តច្បាប់ទាំង ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងរយៈពេល ៩ខែ ដើមឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន ៦.៩១៤ករណី ចាប់ខ្លួនជនសង្ស័យ សរុប ចំនួន ១៧.៤០៦នាក់ រឹបអូសគ្រឿងញៀនច្រើនប្រភេទ បានចំនួន ៧តោន ៥០៩គីឡូក្រាម និងសារធាតុគីមីផ្សំចំនួន ៤៨ តោន ៣៦០គីឡូក្រាម ។
លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ មានប្រសាសន៍ទៀតថា ការងារអនុវត្តច្បាប់នេះ កម្ពុជាក៏បានយកចិត្តទុកដាក់ ក្នុងការងារផ្សព្វផ្សាយ អប់រំ និងការងារព្យាបាល ស្តារនីតិសម្បទាផងដែរ ដោយបានធ្វើការផ្សព្វផ្សាយ អប់រំតាមវិធីផ្សេងៗ ដែលបានបញ្ជូលសារអប់រំប្រមាណ ៣.៩៨៣.៥០០ ដល់ពលរដ្ឋដែលកំពុងប្រឈម និងធ្វើការគ្រប់គ្រង និងព្យាបាលអ្នកប្រើ គ្រឿងញៀនបានចំនួន ២៣.០៤៦ នាក់ ។
តាមរយៈនៃលទ្ធផលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលកម្ពុជាសម្រេចបាននាពេលកន្លងមក នោះក៏ដោយសារមានការចូលរួមក្នុងកិច្ចសហការ ជួយគាំទ្រទាំងបច្ចេកទេស មធ្យោបាយ សម្ភារជំនាញ និងបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់គ្រឿងញៀនកម្ពុជា ពីក្រសួងនគរបាល នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដែលតែង ផ្តល់នូវកិច្ចសហការ និងគាំទ្រជារៀងរហូតមក ៕