អាមេរិក គ្រោងពង្រាយទាហាន ២០០នាក់ ទៅកាន់អ៊ីស្រាអែល ដើម្បីបង្កើតក្រុមការងារតំបន់ហ្កាហ្សា

ក្រុមមន្ត្រីអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (៩ តុលា) ថា ទីក្រុងវ៉ាស៊ីនតោន មានផែនការដាក់ពង្រាយទាហានរហូតដល់ ២០០នាក់ ទៅកាន់អ៊ីស្រាអែល ដើម្បីបង្កើតក្រុមការងារមួយក្នុងប្រទេសនេះ ក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរក្សាស្ថិរភាពនៅតំបន់ហ្កាហ្សា ប៉ុន្តែទាហានជនជាតិអាមេរិក នឹងមិនត្រូវដាក់ពង្រាយផ្ទាល់ចូលទៅក្នុងតំបន់ប៉ាឡេស្ទីននេះទេ។
មន្ត្រីម្នាក់ក្នុងចំណោមប្រភពខាងលើបាននិយាយថា ទីបញ្ជាការកណ្តាលរបស់យោធាសហរដ្ឋអាមេរិក នឹងមើលការខុសត្រូវលើក្រុមការងារមួយនេះ ដែលត្រូវបានគេស្គាល់ថាជា មជ្ឈមណ្ឌលសម្របសម្រួលយោធាស៊ីវិល ឬ CMCC ។ ប្រភពបាននិយាយទៀតថា ការងាររបស់ក្រុម CMCC នេះនឹងសម្របសម្រួលលំហូរជំនួយទៅកាន់តំបន់ហ្កាហ្សា រួមទាំងជំនួយសន្តិសុខ និងជំនួយមនុស្សធម៌។
អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បាននិយាយក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមមួយថា បុគ្គលិកអាមេរិក នឹងទទួលភារកិច្ចត្រួតពិនិត្យកិច្ចព្រមព្រៀងតំបន់ហ្កាហ្សា “នៅក្នុងទឹកដីអ៊ីស្រាអែល” ហើយនឹងធ្វើការជាមួយកងកម្លាំងអន្តរជាតិផ្សេងទៀតនៅទីនោះ។
មន្ត្រីពីររូប ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា ទាហានអាមេរិក នឹងជាចំណុចស្នូលនៃកងកម្លាំង CMCC ប៉ុន្តែក្រុមនេះក៏នឹងរួមបញ្ចូលតំណាងមកពីយោធាអេហ្ស៊ីប កាតា ទួរគី និងប្រហែលជាអារ៉ាប់រួមផងដែរ។ ប្រភពបញ្ជាក់ថា ទាហានអាមេរិកនឹងមិនត្រូវដាក់ចូលទៅក្នុងតំបន់ហ្កាហ្សាផ្ទាល់ទេ គឺធ្វើការចេញពីទឹកដីអ៊ីស្រាអែល៕

You might also like