ក្រោយមានកម្មករម្នាក់ឆក់ខ្សែភ្លើងស្លាប់នៅក្នុងសិប្បកម្មនំTT អធិការកិច្ច ក្រសួងការងារចុះពិនិត្យ នៅតាមផ្លូវបេតុង ក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ ៖ ក្រុមការងារអធិការកិច្ច ក្រសួងការងារបានចុះទៅសួរនាំនិងពិនិត្យនៅទីតាំងរោងចក្រធុនតូចផលិតនំស្រួយ TT មួយកន្លែង នៅតាមផ្លូវបេតុង ក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពី ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ក្រោយមានយុវជនម្នាក់ជាកម្មករបានឆក់ខ្សែភ្លេីងស្លាប់ក្នុងរោងចក្រនោះ កាលពី ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ នៅសិប្បកម្មធ្វើនំ យុីហោ ធី ធី ស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ផុន ដាណា ភេទប្រុស អាយុ១៧ឆ្នាំ ជាកម្មករសិប្បកម្មផលិតនំ TT ស្នាក់នៅភូមិកើតហេតុ មានស្រុកកំណើតនៅឯខេត្តពោធិ៍សាត់ ។
ជនរងគ្រោះ បានឆក់ចរន្តអគ្គិភ័យនៅកន្លែងធ្វើការ ស្លាប់ភ្លាមៗនៅកន្លែង ហើយត្រូវបានម្ចាស់ទីតាំងព្យាយាមបិទបាំងព័ត៌មាន មិនហ៊ានរាយការណ៍ទៅសមត្ថកិច្ចភ្លាមទេ ម្យ៉ាងជនរងគ្រោះជាអនីតិជន សុខចិត្តហៅជួលរថយន្តឯកជន មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2F-7954 ដឹកសពយកទៅវត្ត ហើយក៏មិនហ៊ានដាក់ចុះពីរថយន្តដែរ ទុករហូតដល់រសៀលថ្ងៃដដែល ទើបរាយការណ៍ទៅសមត្ថកិច្ច ចុះទៅពិនិត្យ ។
ប្រភពព័ត៌មានបានបញ្ជាក់ថា ការស្លាប់របស់យុវជននេះ ទាំងម្ចាស់ទីតាំង ទាំងអ្នករកសុីដឹកសព ហាក់បីដូចជាលាក់បាំងព័ត៌មាន អូសបន្លាយច្រើនម៉ោង ទើបរាយការណ៍ជាក្រោយ ដើម្បីឱ្យជំនាញពិនិត្យកោសល្យវិច័យ មុននឹងដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ៕

You might also like