លោកTrump ៖ លោកនឹងជួបលោក Putin នៅហុងគ្រីសម្រាប់កិច្ចពិភាក្សាអ៊ុយក្រែន ក្រោយការសន្ទនាប្រកបដោយផ្លែផ្កា

ប្រធានាធិបតីអាមេរិកលោក Donald Trump និយាយថា វឌ្ឍនភាពដ៏អស្ចារ្យ ត្រូវបានធ្វើឡើងក្នុងអំឡុងពេលការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដោយលោកទាំងពីរបានយល់ព្រមលើកិច្ចពិភាក្សាទល់មុខគ្នានៅក្នុងប្រទេសហុងគ្រី។
លោកនិយាយថា ជំនួបតាមទូរស័ព្ទជាលើកដំបូងជាមួយលោក Putin ចាប់តាំងពីពាក់កណ្តាលខែសីហាមក គឺប្រកបដោយផ្លែផ្កាខ្លាំងណាស់ ដោយបន្ថែមថា ក្រុមការងារមកពីទីក្រុងវ៉ាស៊ីនតោន និងមូស្គូ នឹងជួបគ្នានៅសប្តាហ៍ក្រោយ។
លោក Trump មិនបានបញ្ជាក់ពីកាលបរិច្ឆេទសម្រាប់ជំនួបរបស់លោកជាមួយលោក Putin នៅទីក្រុង Budapest ទេ។ វិមានក្រឹមឡាំងបាននិយាយថា ការងារលើកិច្ចប្រជុំកំពូលនឹងចាប់ផ្តើមភ្លាមៗ បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទប្រកបដោយស្មោះត្រង់ និងទុកចិត្តបំផុត។
កិច្ចពិភាក្សានេះ បានកើតឡើងមួយថ្ងៃមុនពេលប្រធានាធិបតីអ៊ុយក្រែនលោក Zelenskyy ធ្វើទស្សនកិច្ចនៅសេតវិមាន ទន្ទឹមនឹងលោក Trump បានថ្លឹងថ្លែងថាតើត្រូវបំពាក់អាវុធឲ្យអ៊ុយក្រែន ជាមួយនឹងមីស៊ីល Tomahawk ដែលមានសមត្ថភាពវាយប្រហារយ៉ាងជ្រៅទៅក្នុងប្រទេសរុស្ស៊ីដែរឬអត់។
នៅពេលលោកបានទៅដល់សហរដ្ឋអាមេរិក លោក Zelenskyy បាននិយាយថា ទីក្រុងមូស្គូកំពុង ប្រញាប់ប្រញាល់ក្នុងការបន្តការសន្ទនាឡើងវិញភ្លាមៗនៅពេលឮដំណឹងពីមីស៊ីល Tomahawks។
ដោយសរសេរនៅលើបណ្ដាញសង្គម Truth Social បន្ទាប់ពីសន្ទនាតាមទូរស័ព្ទត្រូវបានបញ្ចប់ លោក Trump បាននិយាយថា លោក និងលោក Putin បានចំណាយពេលវេលាយ៉ាងច្រើននិយាយអំពីពាណិជ្ជកម្មរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក នៅពេលសង្រ្គាមជាមួយអ៊ុយក្រែនបានបញ្ចប់៕

You might also like