ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើគ្រោងប្លង់បច្ចេកទេសនៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់បវេល ខេត្តបាត់ដំបង
នាថ្ងៃព្រហស្បតិ៍ ៩រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នៅសាលប្រជុំរំដួលនៃទីស្តីការក្រសួងធនធានទឹក និងឧតុនិយមក្បាលថ្នល់ ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយលោកប្រធានធនាគារនីហរ័ណ អាហរ័ណកូរ៉េប្រចាំកម្ពុជា បានដឹកនាំកិច្ចប្រជុំពិភាក្សាលើគម្រោងប្លង់បច្ចេកទេសនៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់បវេល ដែលស្ថិតក្នុងស្រុកថ្មគោល និងស្រុកបវេល ខេត្តបាត់ដំបង។
សូមជម្រាបថា កិច្ចប្រជុំនាពេលនេះមានការចូលរួមពីមន្ត្រីបច្ចេកទេសនៃអង្គភាពគ្រប់គ្រងគម្រោងដែលទទួលហិរញ្ញប្បទានពីសាធារណរដ្ឋកូរ៉េ មន្ត្រីនៃធនាគារនីហរ័ណ អាហរ័ណ(K-Exambank)ប្រចាំកម្ពុជានិងសហការី តំណាងអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់នៃអគ្គនាយកដ្ឋានកិច្ចសហប្រតិបត្តិការ និងបំណុលនៃក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ ក្រុមការងារសិក្សាគ្រោងប្លង់និងទីប្រឹក្សាគម្រោងមកពីក្រុមហ៊ុន YOOSHIN, ISAN, DASAN, KYONG-HO និងKRC មកពីសាធារណរដ្ឋកូរ៉េ ព្រមទាំងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង និងមន្រ្តីបច្ចេកទេសពាក់ព័ន្ធ។
ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា កិច្ចប្រជុំគឺក្នុងគោលបំណងដើម្បីពិភាក្សាលើការងារបច្ចេកទេសគ្រប់ផ្នែកបន្ថែមទៀតលើគ្រោងប្លង់បច្ចេកទេសដែលក្រុមហ៊ុនបានបញ្ចប់ការសិក្សា មុននឹងបោះពុម្ពជាឯកសារយោងផ្លូវការសម្រាប់ការដេញថ្លៃ និងសាងសង់ក្នុងឆ្នាំ២០២៦ខាងមុខ។ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំដល់គ្រប់ផ្នែកនៃអង្គភាពគ្រប់គ្រងគម្រោង និងអ្នកពាក់ព័ន្ធត្រូវយកចិត្តទុកដាក់តាមដានជាប្រចាំលើការងារបច្ចេកទេស ដើម្បីឱ្យគម្រោងនេះដំណើរការទៅបានរលូន និងមានលក្ខណ:នវានុវត្តន៍ សមស្របនៅតំបន់គម្រោង ក្នុងប្រទេសកម្ពុជា៕



