កម្ពុជា ជំរុញឱ្យUN ចុះសង្កេតការណ៍ដោយផ្ទាល់ជាបន្ទាន់ ខណៈថៃបន្តប្រើច្បាប់ព្រៃ ជាសំឡេងរំខានដល់ពលរដ្ឋកម្ពុជា
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាគ.ស.ម.ក. បានជំរុញឲ្យឧត្តមស្នងការសហប្រជាជាតិទទូលបន្ទុក សិទ្ធិមនុស្ស ដែលហៅកាត់ថា OHCHR ចុះសង្កេតការណ៍ដោយផ្ទាល់ជាបន្ទាន់ ខណៈភាគីថៃបានបន្តប្រើប្រាស់«ច្បាប់ព្រៃ» ពោលគឺប្រើសំឡេងរំខានជាទម្រង់នៃការធ្វើទុក្ខបុកម្នេញ ការបំភិតបំភ័យ និងការយាយីផ្លូវចិត្ត ដល់បងប្អូនប្រជាពលរដ្ឋខ្មែរនៅតាមបណ្តោយព្រំដែនកម្ពុជា និងថៃ នៅតំបន់អូរបីជាន់ ខេត្តបន្ទាយ មានជ័យ។
យោងតាមលិខិតរបស់ឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ផ្ញើទៅកាន់លោក Volker Turkឧត្តមស្នងការសហប្រជាជាតិទទូលបន្ទុក សិទ្ធិមនុស្ស នាថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២៥នេះថា ប្រទេសថៃកាន់តែគឃ្លើន ដោយបានប្រើប្រាស់ច្បាប់ព្រៃ មិនគោរពច្បាប់អន្តរជាតិ និងមើលងាយយន្តការអន្តរជាតិជាបន្តបន្ទាប់ ហើយប្រសិនបើ OHCHR មិនមានវិធានការទាន់ពេលវេលា និងម៉ឺងម៉ាត់ទេ នោះអាចបណ្តាលឱ្យសហគមន៍អន្តរជាតិ បាត់បង់សេចក្តីទុកចិត្ត លើច្បាប់ក៏ដូចជាយន្តការអន្តរជាតិទាំមូល។
តាមរយៈលិខិតនេះកម្ពុជាបានប្រាប់ទៅ OHCHRថា កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ មានក្បួនរថយន្តមួយ ដែលបំពាក់ដោយឧបករណ៍បំពងសំឡេងឮខ្លាំងៗ បានប្រមូលផ្ដុំគ្នានៅ Ban Nong Chan ដើម្បីចាក់សំឡេង ចាប់ពីថ្ងៃទី១៧-១៩ ខែតុលា ឆ្នាំ២០២៥។ ប្រព័ន្ធសំឡេងទាំងនោះ ត្រូវបាន រាយការណ៍ថា មានកម្រិតសំឡេងខ្លាំង ដែលលើសពីដែនកំណត់សម្រាប់សុវត្ថិភាពរបស់មនុស្ស។ ការសិក្សា បែបវិទ្យាសាស្ត្របញ្ជាក់ថា សំឡេងលើសពី ១៤០ដេស៊ីបែល អាចធ្វើឱ្យខូចក្រដាសត្រចៀក ខណៈដែល កម្រិតឡើងដល់២០០ដេស៊ីបែល នឹងបណ្តាលឱ្យមានរបួសខាងក្នុងធ្ងន់ធ្ងរ ដូច្នេះរាល់ការប្រព្រឹត្ត សកម្មភាពបែបនេះ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរដោយចេតនាលើសុខភាព និងសេចក្តីថ្លៃថ្នូររបស់មនុស្ស។ កម្រិតសំឡេងខ្លាំងបែបនេះ បង្កការគំរាមកំហែងយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនៅភូមិជោគជ័យ ជាពិសេសស្ត្រី កុមារ មនុស្សចាស់ អ្នកជំងឺ និងជនមានពិការភាព។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចាត់ទុកថា សកម្មភាពអរិភាព និងបង្កហេតុពីសំណាក់ភាគីថៃទាំងនេះ គឺជាឧទាហរណ៍មួយនៃវិធីសាស្ត្របែប «ច្បាប់ព្រៃ» ដែលមិនគោរពតាមបទដ្ឋានច្បាប់អន្តរជាតិជាធរមានយ៉ាងជាក់ស្តែងបំផុត។ លើសពីការបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពបុគ្គល ភាគីថៃធ្វើឱ្យខូចដល់ស្ថិរភាពក្នុងតំបន់ និងធ្វើឱ្យចុះខ្សោយនូវប្រសិទ្ធភាព និងភាពជឿជាក់បាននៃយន្តការសិទ្ធិមនុស្សអន្តរជាតិ ដែលបានបង្កើតឡើងដើម្បីការពារប្រជាជនស្លូតត្រង់ និងងាយរងគ្រោះ។
ទាក់ទងនឹងការប្រើប្រាស់«ច្បាប់ព្រៃ»ពីសំណាក់អាជ្ញាធរថៃនេះដែរ ក៏មានឥស្សរជនរបស់ថៃ រួមមានសមាជិកព្រឹទ្ធសភា មន្ត្រីអនុវត្តច្បាប់ ទីប្រឹក្សាអង្គការឃ្លាំមើលសិទ្ធិមនុស្ស និងមេដឹកនាំគណបក្សនយោបាយ សុទ្ធតែបានទទួលស្គាល់ថា ការប្រើប្រាស់សំឡេងរំខាន គឺជាទម្រង់នៃការបំភិតបំភ័យផ្លូវចិត្ត គឺជាការរំលោភសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ ជាពិសេសនៅក្រោមអនុសញ្ញាប្រឆាំងនឹងទារុណកម្ម និងការប្រព្រឹត្តមកលើខ្លួន ឬទណ្ឌកម្ម ឯទៀត ដែលឃោរឃៅ អមនុស្សធម៌ ឬបន្ថោកបន្ទាប (CAT)ជាដើម។
យ៉ាងណាក៏ដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សូមអំពាវនាវដល់ការិយាល័យឧត្តមស្នងការអង្គការ សហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) «ចាត់វិធានការឱ្យទាន់ពេលវេលា និងដោយម៉ឺងម៉ាត់ រួមទាំងការចុះបេសកកម្មសង្កេតការណ៍ដោយផ្ទាល់ឱ្យបានឆាប់បំផុត នៅតំបន់បណ្តោយព្រំដែនកម្ពុជា- ថៃ ដែលជាកន្លែងត្រូវបានរាយការណ៍ថាមានករណីរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ»។
តាមរយៈលិខិតនេះដែរ គ.ស.ម.ក. ក៏បានសូមគូសបញ្ជាក់ផងដែរថា កង្វះខាតសកម្មភាពជាក់ស្ដែង និងទាន់ពេលវេលា អាចនឹងត្រូវបកស្រាយថា ជាការយល់ស្រប ឬការព្រងើយកន្តើយ ចំពោះការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់សិទ្ធិមនុស្ស អន្តរជាតិ និងសិទ្ធិមនុស្សធម៌អន្តរជាតិ។ ភាពអសកម្មភាពនេះ នឹងបង្កើតជាគំរូអាក្រក់ចំពោះនិទណ្ឌភាព ដែលធ្វើឱ្យកេរ្តិ៍ឈ្មោះ និងប្រសិទ្ធភាពនៃប្រព័ន្ធការពារសិទ្ធិមនុស្សអន្តរជាតិចុះខ្សោយផងដែរ៕



