កម្ពុជា ទទួលបានមេដាយសំរឹទ្ធដំបូង នៃការប្រកួតកីឡាយុវជនអាស៊ី មុនពិធីបើកការប្រកួតផ្លូវការស្អែក

(ម៉ាណាម៉ា)៖ កម្ពុជាបានទទួលមេដាយសំរឹទ្ធ ១គ្រឿងហើយ ដោយកីឡាករបញ្ចស៊ីឡាត់ ភុក ដានីញែល ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាយុវជនអាស៊ី លើកទី៣ ឆ្នាំ២០២៥ នៅប្រទេសបារ៉ែន កាលពីល្ងាចថ្ងៃទី២០ ខែតុលាកន្លងទៅ។

ការទទួលបានមេដាយសំរឹទ្ធដំបូង មុនពិធីបើកការប្រកួតផ្លូវការ នៃព្រឹត្តិការណ៍កីឡាយុវជនប្រចាំទ្វីប ៤ឆ្នាំម្ដង ដែលនឹងប្រព្រឹត្តទៅនាល្ងាចថ្ងៃទី២២ ខែតុលាស្អែកនេះ បន្ទាប់ពីកីឡាករ ភុក ដានីញែល បានប្រកួតចាញ់កីឡាករឥណ្ឌូនេស៊ី Furgon Habil ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយកីឡាករឥណ្ឌូនេស៊ីដដែល បានបន្ដយកឈ្នះកីឡាករម្ចាស់ផ្ទះបារ៉ែន ដើម្បីគ្រងមេដាយមាសលើវិញ្ញាសាប្រយុទ្ធក្រោមទម្ងន់ ៥៥គីឡូក្រាម។
មកទល់ពេលនេះ កីឡាបញ្ចស៊ីឡាត់កម្ពុជា បានបញ្ចប់ភារកិច្ចក្នុងការប្រកួតកីឡាយុវជនអាស៊ី លើកទី៣ ហើយ ដ្បិតសហព័ន្ធបានបញ្ជូនកីឡាករ-កីឡាការិនី ២រូបប៉ុណ្ណោះ ក្នុងនោះគឺមានកីឡាករ ភុក ដានីញែល ដែលរកបានមេដាយសំរឹទ្ធដំបូងឲ្យកម្ពុជា ក្នុងចំណោមអត្តពលិក ១៤ប្រភេទកីឡា គ្រាដែលកីឡាការិនី ដេត ស្រីយ៉ាល់ បានធ្លាក់ត្រឹមវគ្គជម្រុះ។
គួរដឹងថា ក្រៅពីកីឡាបញ្ចស៊ីឡាត់ កម្ពុជាក៏មានកីឡាបាល់ទាត់លើតុ ដែលបានចាប់ផ្ដើមការប្រកួតមុនពិធីបើកផ្លូវការផងដែរ ដោយលទ្ធផលថ្ងៃដំបូង កាលពីថ្ងៃច័ន្ទកន្លងទៅ គឺក្រុមកីឡាបាល់ទាត់លើតុថ្នាលកម្ពុជា បានបញ្ចប់ដោយលទ្ធផលឈ្នះ ១ និងចាញ់ ២ លើវិញ្ញាសាឯកត្ដជនបុរស ហើយនឹងបន្ដការប្រកួតវិញ្ញាសាវាយគូបន្ថែមទៀត នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ នេះ៕

You might also like