អាកាសយានដ្ឋានអន្តរជាតិតេជោ កំពុងសាងសង់ឃ្លាំងនិងចំណត Cargo ដើម្បីជំរុញឱ្យក្លាយជា Logistic Hub

ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) ចំណាយទុនវិនិយោគចំនួនប្រមាណ ៥០ លានដុល្លារអាមេរិក លើ គម្រោងសាងសង់ស្ថានីយ៍ឃ្លាំងទំនិញ (Cargo Terminal) ទី២ និងចំណតយន្តហោះ Cargo បន្ថែម ដើម្បីជំរុញឱ្យអាកាសយានដ្ឋាន អន្តរជាតិតេជោ (TIA) ក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូន និងការផ្ទេរមធ្យោបាយដឹកជញ្ជូន។
លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) លើក ឡើងនៅក្នុងពិធីបើកសម្ពោធជាផ្លូវការនៃអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) នៅថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០២៥ នេះថា ការវិនិយោគសាងសង់ TIA (ដំណាក់កាលទី១) បានចំណាយថវិកាសរុប ២.៣០០ លានដុល្លារអាមេរិក រួមបញ្ចូលចំណាយសាង សង់ស្ថានីយ៍អ្នកដំណើរ ស្ថានីយ៍អ្នកដំណើរពិសេស (VVIP Terminal), ទីលានចុះចតយន្តហោះ, អគារ, និងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ប្រតិបត្តិការ អាកាសយានដ្ឋានរួមមាន៖ ផ្លូវ ស្ពានអាកាស ឃ្លាំងទំនិញ ចំណាយហិរញ្ញប្បទាន និងចំណាយសម្រាប់ការផ្ទេរប្រតិបត្តិការពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមក TIA។ ទុនវិនិយោគ គឺប្រើដើមទុនផ្ទាល់របស់ក្រុមហ៊ុន OCIC និងការចូលរួមទុនតាមរយៈមូលបត្របំណុល ពីស្ថាប័នធនាគារ និងហិរញ្ញវត្ថុក្នុងស្រុក។
លោកអ្នកឧកញ៉ាបណ្ឌិត បន្តឱ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងសាងសង់ស្ថានីយ៍ឃ្លាំងទំនិញ (Cargo Terminal) ទី២ និងចំណតយន្តហោះ Cargo បន្ថែម ដោយចំណាយទុនវិនិយោគចំនួន ៥០ លានដុល្លារអាមេរិក ដែលមានទំហំឃ្លាំងសរុប ៤០ ពាន់ម៉ែត្រការ៉េ ការវិនិយោគបន្ថែម គឺយោងទៅតាមកំណើនទំនិញ Cargo និងដើម្បីត្រៀមអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ជាមជ្ឈមណ្ឌលដឹកជញ្ជូន (Logistic Hub) និងការផ្ទេរមធ្យោបាយដឹកជញ្ជូន (Transhipment)។ បន្ថែមពីនេះក្រុមហ៊ុន CAIC ក៏បានសហការជាមួយក្រុមហ៊ុន SIA Engineering Company (ពី Singapore Airlines) បង្កើតក្រុមហ៊ុនឈ្មោះ TIA Engineering Services Company Limited ដើម្បីផ្តល់សេវា ថែទាំដល់ក្រុមហ៊ុនអាកាសចរណ៍នៅ TIA។ ផែនការនាពេលអនាគតគឺ ក្រុម ហ៊ុននឹងសាងសង់ស្ថានីយ៍សម្រាប់សេវាថែទាំ និងជួសជុលយន្តហោះនៅ TIA ដោយសារតែរាជធានីភ្នំពេញជាទីតាំងកណ្តាល ដែល មានសក្តានុពលផ្តល់សេវាកម្ម នៅក្នុងតំបន់អាស៊ាន និងអាស៊ី។
លោកអ្នកឧកញ៉ាបណ្ឌិត បន្ថែមឱ្យដឹងទៀតថា ក្រៅពីគម្រោងខាងលើ, ក្រុមហ៊ុន OCIC ក៏បានចាប់ផ្តើមអភិវឌ្ឍទីក្រុងរណប អាកាសយានដ្ឋាន រួមមានការសាងសង់លំនៅដ្ឋានតម្លៃសមរម្យសម្រាប់បុគ្គលិករាប់ពាន់នាក់នៅ TIA និងមជ្ឈមណ្ឌលពាណិជ្ជកម្ម នៅក្នុងទីក្រុងរណបអាកាសយានដ្ឋាននេះ។ ទីក្រុងរណបអាកាសយានដ្ឋាន មានផែនការរួម សម្រាប់អភិវឌ្ឍលំនៅដ្ឋាន តំបន់ពាណិជ្ជកម្ម មជ្ឈមណ្ឌលពិពណ៌អន្តរជាតិ រោងចក្រ និងឃ្លាំងរួមមាន៖ តំបន់សេដ្ឋកិច្ចពិសេស ក្នុងការលើកកម្ពស់ការផលិត និងការ នាំចេញទំនិញតាមរយៈ TIA ក្រៅពីនេះ, ក្រុមហ៊ុន OCIC ក៏បានសាងសង់ឧទ្យានវប្បធម៌នៅ TIA ដើម្បីផ្សព្វផ្សាយដល់ភ្ញៀវក្នុងស្រុក និងអន្តរជាតិ ឲ្យយល់ដឹងពីវប្បធម៌ខ្មែរ៕

You might also like