ឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការ ពាក់ព័ន្ធគ្រឿងញៀន
(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង នៅ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ បានបង្រ្កាបករណីដឹកជញ្ជូន ជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ព្រមទាំងឃាត់ខ្លួនជនសង្ស័យ៤នាក់។
ជនសង្ស័យរួមមាន៖
*១៖ ឈ្មោះ ធី រដ្ឋា ហៅ អាក្រលិត ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត (ដឹកជញ្ជូន និងប្រើប្រាស់)
*២៖ ឈ្មោះ កែវ ពុទ្ធារ៉ុង (ហៅ តឿ/តូច) ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត(ដឹកជញ្ជូន និងជួញដូរ)
*៣៖ ឈ្មោះ ដឿម ជីវ័ន្ត ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកដឹកជញ្ជូន បច្ចុប្បន្នស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត(ដឹកជញ្ជូន)
*៤៖ ឈ្មោះ អាង វិជ្ជា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត(ប្រើប្រាស់)។
ក្រោយចាប់ខ្លួន កម្លាំងអាវុធហត្ថបានចាប់យកកញ្ឆាក្រៀម ចំនួន១២ថង់ ទម្ងន់ ៤៦០០ក្រាម, ទឹកថ្នាំក្អកកូនក្មេង ចំនួន ០៩កេស ស្មើនឹង ៩៤៦ដប, ទឹកផ្លែឈើចម្រុះដបធំ ចំនួន៦៥ដប, បារីអេឡិចត្រូនិច ចំនួន៣៨ដើម, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន០២គ្រឿង, ឧបករណ៍ផលិតទឹកក្រាធុមមួយចំនួន, ម៉ូតូ ចំនួន ០២គ្រឿង, ទូរសព្ទ ចំនួន០៣គ្រឿង ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង សួរនាំ និងចាត់ការតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ការបង្ក្រាបនេះ បានធ្វើឡើងក្រោមបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក្រោមការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី៕



