ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី គ្រោងនឹងបង្កើតឱ្យមានផ្សាររាត្រីឥណ្ឌូនេស៊ីមួយ នៅលើផ្លូវថ្មើរជើងចតុមុខ
ភ្នំពេញ៖ នៅក្នុងជំនួបជាមួយឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះ នៅសាលារាជធានីភ្នំពេញ ឯកឧត្ដម សាន់តូ ជាម៉ូស៊ូម៉ាតូ (H.E Mr.Santo Damosumarto ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា គ្រោងនឹងបង្កើតឱ្យមានផ្សាររាត្រីឥណ្ឌូនេស៊ីមួយ នៅលើផ្លូវថ្មើរជើងចតុមុខ។ គម្រោងនេះនឹងត្រូវធ្វើឡើងនៅថ្ងៃទី២២ ឬថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីបង្ហាញពីវប្បធម៌ទំនៀមទំលាប់ របាំប្រពៃណី និងម្ហូបអាហារឥណ្ឌូនេស៊ីនៅទីនេះ។
ឯកឧត្ដម សាន់តូ ជាម៉ូស៊ូម៉ាតូ បានថ្លែងថា រាជធានីភ្នំពេញ ជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ ហើយអ្វីដែលស្ថានទូតសាធារណរដ្ឋឥណ្ឌូនេស៊ីចង់បាន គឺធ្វើការវិនិយោគ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហប្រតិបត្តិការជាមួយកម្ពុជា។ ប្រជាពលរដ្ឋឥណ្ឌូនេស៊ីនៅកម្ពុជា មានកំណើនកាន់តែកើនឡើង។
ទន្ទឹមនិងកំណើននេះ ឯកឧត្ដម ក៏បានថ្លែងនូវការអរគុណ ចំពោះអាជ្ញាធររាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់ ក្នុងការសម្រួលដល់ការរស់នៅ និងការរកស៊ីរបស់ប្រជាពលរដ្ឋឥណ្ឌូនេស៊ីនៅរាជធានីភ្នំពេញ។ មកដល់ពេលនេះនៅរាជធានីភ្នំពេញ មានភោជនីយដ្ឋានរបស់ឥណ្ឌូនេស៊ីរហូតទៅដល់៦កន្លែង ដែលជាក្តីសង្ឃឹមនៃកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ ដែលធ្វើឱ្យកម្ពុជាមានកិច្ចសហប្រតិបត្តិការកាន់តែល្អថែមទៀត នៅក្នុងតំបន់អាស៊ាន។
ឯកឧត្ដមបន្តថា៖ «ការបង្កើតឱ្យមានផ្លូវថ្មើរជើងចតុមុខ នៅរាជធានីភ្នំពេញ បានធ្វើឱ្យកើនឡើង នូវវិស័យទេសចរណ៍ ដោយបង្កើតឱ្យមានកម្មវិធីកំសាន្តយ៉ាងច្រើន នៅលើផ្លូវថ្មើរជើងចតុមុខនេះ។ ជាគម្រោងរបស់ស្ថានទូតសាធារណរដ្ឋឥណ្ឌូនេស៊ីយើង នឹងអាចដាក់ឱ្យមានផ្សាររាត្រីឥណ្ឌូនេស៊ីមួយ នៅផ្លូវថ្មើរជើងចតុមុខ។ គម្រោងនេះនឹងមានការតាំងបង្ហាញផលិតផល ការបង្ហាញវប្បធម៌ របាំប្រពៃណីនិងម្ហូបអាហាររបស់ឥណ្ឌូនេស៊ី។ ការបង្កើតឱ្យមានផ្សាររាត្រីឥណ្ឌូនេស៊ីនេះឡើង វានឹងអាចឱ្យប្រជាពលរដ្ឋឥណ្ឌូនេស៊ី និងប្រជាពលរដ្ឋកម្ពុជា កាន់តែមានទំនាក់ទំនង ភាពស្និទ្ធស្នាល មួយកម្រិតថែមទៀត»។
ជាកិច្ចឆ្លើយតប ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសម្រេចផ្ដល់ជូនទៅឱ្យឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បង្កើតឱ្យផ្សាររាត្រីឥណ្ឌូនេស៊ីនៅផ្លូវថ្មើរជើងចតុមុខ ដោយស្នើឱ្យស្ថានទូតឥណ្ឌូនេស៊ីជ្រើសរើសទីតាំងឱ្យបានច្បាស់លាស់ ដើម្បីឱ្យអាជ្ញាធរ ក៏ដូចជាកងកម្លាំងរបស់រាជធានីភ្នំពេញ អាចការពារសន្តិសុខជូនឱ្យកាន់តែល្អប្រសើរថែមទៀត។
ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា នៅផ្លូវថ្មើជើងចតុមុខ មានទីតាំងលក់សម្ភារប្រើប្រាស់ អាហារហូបចុក ជម្រុះជាតិសាសន៍ មានរបាំងប្រពៃណី និងលក់វត្ថុអនុស្សាវរីយ៍ ដែលអាចឱ្យភ្ញៀវបរទេស មកដើរលេងកំសាន្តបានយ៉ាងសប្បាយ។
នាឱកាសនោះដែរ ឯកឧត្ដម ឃួង ស្រេង ក៏បានបញ្ជាក់ថា សម្រាប់កម្ពុជា និងឥណ្ឌូនេស៊ី មានទំនាក់ទំនងការទូតជាមួយគ្នា តាំងពីឆ្នាំ១៩៥៩មកម៉្លេះ ដែលគិតមកដល់ពេលនេះ គឺមានរយៈពេល ៦៦ឆ្នាំហើយ។ ឥណ្ឌូនេស៊ី បានរួមចំណែកស្វែងរកសន្និភាពពីសំណាក់ឥស្សរជនកំពូលៗរបស់សាធារណរដ្ឋឥណ្ឌូនេស៊ី នោះគឺលោកស៊ូកាណូ (Soekano) និងលោកអាលីអាឡាតាស(Ali Alatas)។
ដើម្បីតបស្នងសងគុណចំពោះឥស្សរជនទាំងពីរ សម្ដេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រសិទ្ធនាម ផ្លូវចំនួន ២ខ្សែ តភ្ជាប់ពីផ្លូវជាតិលេខ៦ រហូតដល់មហាវិថីឈ្នះឈ្នះ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលខ្សែទី១ ផ្លូវបេតុងអារម៉េ ប្រវែង៦.២០១ម៉ែត្រ ទទឹងប្រវែង ១៥ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៦ រហូតដល់គល់ស្ពាន ព្រែកព្នៅ ជា «មហាវិថី ស៊ូកាណូ» (Soekano Boulevard) និងខ្សែទី២ ផ្លូវបេតុងម៉េ ប្រវែង ៥.៣៥៤ម៉ែត្រ ទទឹងប្រវែង ១៥ម៉ែត្រ ចាប់ពីផ្លូវខ្សែទី១ ក្បែរទីតាំងស្ពានព្រែកតាសេក រហូតដល់រង្វង់មូលមហាវិថីឈ្នះ-ឈ្នះ ជា «មហាវិថី អាលី អាឡាតាស់» (Ali Alatas Boulevard)។ ឈ្មោះផ្លូវទាំងពីរខ្សែនេះ នឹងសម្ពោធជាផ្លូវការ នៅពេលខាងមុខនេះ៕



