ព្រឹទ្ធសភាកម្ពុជា និងហ្វីលីពីន ពិភាក្សានិងផ្លាស់ប្តូរយោបល់គ្នា ក្នុងការជំរុញការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនតាមប្រព័ន្ធអ៊ីនធើណេត

យោងតាមព្រឹទ្ធសភាកម្ពុជា ក្នុងជំនួបនៅទីក្រុងហ្សឺណែវ នៃប្រទេសស្វ៊ីស នាឱកាសមហាសន្និបាតលើកទី១៥១ នៃសហភាពឣន្តរសភា (IPU) កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា និងឯកឧត្តម Raffy Tulfo ព្រឹទ្ធសមាជិក នៃព្រឹទ្ធសភាហ្វីលីពីន និងប្រធានគណៈកម្មាធិការស្តីពីពលករទេសន្តប្រវេសន៍ នៃព្រឹទ្ធសភាហ្វីលីពីន បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នា សំដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌទ្វេភាគី និងអន្តរសភា ក្នុងនោះរួមមានការជំរុញការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនតាមប្រព័ន្ធអ៊ីនធើណេត។
ភាគីទាំងពីរ ទទួលស្គាល់ថា បញ្ហាឧក្រិដ្ឋកម្មឆ្លងដែនតាមប្រព័ន្ធអ៊ីនធើណេត ជាបញ្ហាកំពុងកើតឡើងធ្ងន់ធ្ងររបស់តំបន់ និងពិភពលោក មិនមែនសម្រាប់តែប្រទេសណាមួយទេ។
ព្រឹទ្ធសភាកម្ពុជា និងហ្វីលីពីន បានឯកភាពរិះរកវិធី ដើម្បីពង្រឹងវិធានការណ៍ដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែនតាមប្រព័ន្ធអ៊ីនធើណេត ក្នុងនោះរួមមាន ការប្រើប្រាស់យន្តការទំនាក់ទំនងរវាងក្រសួង ស្ថានប័ន នៃប្រទេសទាំងពីរ និងពិចារណាបង្កើតក្រុមមិត្តភាពសភារវាងប្រទេសទាំងពីរ ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាដែលកើតឡើងមានឱ្យមានប្រសិទ្ធិភាពខ្ពស់៕

You might also like