កម្ពុជា និងថៃ នឹងសាងសង់បង្គោលព្រំដែនចំនួន១៥ឡើងវិញ តាមគំរូដើមជំនាន់បារាំង
កម្ពុជា និងថៃ បានឯកភាពគ្នាសាងសង់នូវបង្គោលព្រំដែនចំនួន១៥ឡើងវិញ តាមគំរូដើមបង្គោលជំនាន់បារាំង និងសាងសង់ ឡើងវិញនូវបង្គោលលិចទឹកចំនួន៣ទីតាំង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួម នៃកិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ដែលបានធ្វើឡើងនៅ ខេត្តចន្ទបុរី ប្រទេសថៃ កាលពីថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២៥នេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរួម ក្រោយបញ្ចប់នៃកិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) កម្ពុជា ថៃ បានឲ្យដឹងថា គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននៃព្រះរាជាណាចក្រកម្ពុជា និងជាសហប្រធានគណៈកម្មការ ចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) កម្ពុជា-ថៃ (ភាគីកម្ពុជា)។ គណៈប្រតិភូថៃដឹកនាំដោយឯកឧត្តម Prasas Prasasvinitchai ទីប្រឹក្សាក្រសួងការបរទេសនៃព្រះរាជាណាចក្រថៃ និងជាសហប្រធាន គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ថៃ-កម្ពុជា (ភាគីថៃ) ដោយកិច្ចប្រជុំបានធ្វើឡើងក្នុងបរិយាកាសមិត្តភាព និងស្និទ្ធស្នាល។
តាមសេចក្តីប្រកាសព័ត៌មានរួមកិច្ចប្រជុំ បានឲ្យបញ្ជាក់ថា ភាគីទាំងពីរ(កម្ពុជា-ថៃ)បានឯកភាពប្រគល់ភារកិច្ចជូនអនុគណៈកម្មការបច្ចេកទេសចម្រុះព្រំដែន (JTSC) កម្ពុជា-ថៃ ដើម្បីសាងសង់ឡើងវិញនូវបង្គោលព្រំដែនចំនួន១៥ តាមគំរូដើមបង្គោលជំនាន់បារាំងនៅទីតាំងដែលភាគីទាំងពីរបានឯកភាពគ្នាលើទីតាំងដើម ហើយមួយវិញទៀតភាគីទាំងពីរក៏បានឯកភាពសាងសង់ឡើងវិញនូវបង្គោលព្រំដែនលិចទឹកចំនួន៣ នៅទីតាំងដែលភាគីទាំងពីរ នឹងឯកភាពគ្នាផងដែរ។
សេចក្តីប្រកាសព័ត៌មានរួមដដែល បានលើកឡើងទៀតថាភាគីទាំងពីរក៏បានឯកភាពពន្លឿនការកែសម្រួលបែបបទបច្ចេកទេស (TOR) ឆ្នាំ២០០៣ ទាក់ទងនឹង ការផលិតផែនទីអ័រតូហ្វូតូ (ចំណុចទី៤ ជំហានទី២ នៃTOR ឆ្នាំ ២០០៣) ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មី ដូចជា LiDAR (Light Detection and Ranging) ដើម្បីពន្លឿនការងារវាស់វែង និងខណ្ឌសីមាព្រំដែន។
តាមសេចក្តីប្រកាសព័ត៌មានរួម បានឲ្យដឹងទៀតថា ពាក់ព័ន្ធនឹងករណីការចុះវាស់វែង និងខណ្ឌសីមាព្រំដែននៅលើដីជាក់ស្តែងក្នុងកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ 42-47 នៅក្នុងតំបន់ភូមិជោគជ័យ-ណងចាន់ និងតំបន់ភូមិព្រៃចាន់-ណងយ៉ាកែវ ភាគីទាំងពីរបានឯកភាពពិនិត្យកែសម្រួលបញ្ចប់បែបបទណែនាំបច្ចេកទេស (TI)សម្រាប់ការវាស់វែងរួមគ្នា និងបោះបង្គោលបណ្តោះអាសន្ន នៅកំណាត់ខ្សែព្រំដែនអាទិភាពនៅចន្លោះបង្គោលលេខ 42-47។ បន្ទាប់ពីបញ្ចប់ការវាស់វែង និងបោះបង្គោលបណ្តោះអាសន្ន ព្រមទាំងទទួលបានការយល់ព្រមពីរដ្ឋាភិបាលរៀងខ្លួន ភាគីទាំងពីរនឹងស្នើសុំយោបល់ពីរដ្ឋាភិបាលរៀងៗខ្លួន ដើម្បីពិនិត្យសម្រេចលើការបង្កើតយន្តការសមស្របណាមួយ សម្រាប់ធ្វើការកែសម្រួលការកាន់កាប់និងអាស្រ័យផលរបស់ភាគីទាំងពីរ។
សេចក្តីប្រកាសបានបញ្ជាក់ទៀតថា ការបោះបង្គោលបណ្តោះអាសន្ន គឺធ្វើឡើងក្នុងគោលបំណងបម្រើឱ្យការវាស់វែងប៉ុណ្ណោះ ដោយមិនត្រូវប៉ះពាល់ដល់ខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃនោះឡើយ ហើយភាគីទាំងពីរក៏បានឯកភាពសម្របសម្រួលណែនាំដល់អាជ្ញាធរមូលដ្ឋាន រួមទាំងកងកម្លាំងយោធា និង ជនស៊ីវិល ដើម្បីចូលរួមធានាសុវត្ថិភាព និងមិនរារាំងដល់ក្រុមវាស់វែងចម្រុះ ព្រមទាំងត្រូវចៀសវាង រាល់សកម្មភាពបង្កហេតុ ដែលអាចបង្កើតភាពតានតឹងបន្ថែមទៀតនៅក្នុងតំបន់នេះ ហើយត្រូវធានា សុវត្ថិភាពពីគ្រាប់មីន ដោយអនុលោមតាមមាត្រា ៣ នៃ MOU ឆ្នាំ ២០០០ផងដែរ។
បើតាមសេចក្តីប្រកាសព័ត៌មានភាគីទាំងពីរក៏បានឯកភាពថា កិច្ចប្រជុំបន្ទាប់របស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នឹងប្រព្រឹត្តទៅនៅសប្តាហ៍ទីមួយនៃខែមករា ឆ្នាំ ២០២៦ នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជាផងដែរ៕






