អនុរដ្ឋមន្រ្តីហិរញ្ញវត្ថុថៃ លាលែងពីតំណែង ក្រោយរងការចោទប្រកាន់ ជាប់ពាក់ព័ន្ធបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
(បាងកក)៖ កាលពីថ្ងៃពុធ ទី២២ ខែតុលា អនុរដ្ឋមន្រ្តីហិរញ្ញវត្ថុនៃប្រទេសថៃ បានប្រកាសថា លោកនឹងលាលែងចេញពីតំណែង ក្រោយរងរងការចោទប្រកាន់ ដែលទាញភ្ជាប់រូបលោក ជាមួយបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ក្រុមបក្សប្រឆាំងបានចោទថា អនុរដ្ឋមន្រ្តីហិរញ្ញវត្ថុថៃ លោក Vorapak Tanyawong និងភរិយារបស់លោក គឺស្ថិតក្នុងចំណោមអ្នកនយោបាយថៃមួយចំនួន ដែលមានជាប់ពាក់ព័ន្ធនឹងបណ្តាញឧក្រិដ្ឋជន ដែលរកស៉ីលាងលុយសម្រាប់បម្រើដល់ប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងតំបន់។
លោក Vorapak បានច្រានចោលការចោទប្រកាន់នេះ ប៉ុន្តែបាននិយាយថា លោកនឹងលាលែងពីតំណែង ដើម្បីឱ្យរដ្ឋាភិបាល អាចបន្តដឹកនាំប្រទេសដោយរលូន កុំឱ្យមានឧបសគ្គរារាំងដោយសារតែរឿងរបស់លោក។ លោក Vorapak បានអះអាងថា រូបលោកមានភាពស្អាតស្អំ ហើយនឹងចាត់វិធានការតាមផ្លូវច្បាប់ ប្រឆាំងជនទាំងឡាយដែលបំភ្លៃការពិត និងចែកចាយព័ត៌មានក្លែងក្លាយ។
គួរបញ្ជាក់ថា លោក Vorapak ក្លាយជាមន្រ្តីដំបូងគេនៅក្នុងគណៈរដ្ឋមន្រ្តី របស់លោកនាយករដ្ឋមន្រ្តី Anutin Charnvirakul ដែលបានលាលែងចេញពីតំណែង ក្រោយចូលកាន់តួនាទីបានត្រឹមប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ៕






