សម្ដេចតេជោ ៖ ធាតុចូលរបស់កិច្ចព្រមព្រៀងទីក្រុងប៉ារីស បានយកមកដាក់ក្នុងរដ្ឋធម្មនុញ្ញកម្ពុជាអស់ហើយ
ក្នុងឱកាសអញ្ជើញដឹកនាំប្រជុំពេញអង្គសម័យប្រជុំលើកទី៤ ព្រឹទ្ធសភានីតិកាលទី ៥ នៅវិមានព្រឹទ្ធសភា នៅថ្ងៃទី២៤ ខែតុលានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ធាតុចូលរបស់កិច្ចព្រមព្រៀងទីក្រុងប៉ារីសត្រូវបានដាក់បញ្ចូលក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់កម្ពុជាអស់ហើយ។
សម្ដេចតេជោ បានថ្លែងថា ស្មារតីនៃកិច្ចព្រមព្រៀង ២៣ តុលា ត្រូវបានបញ្ចូលក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងប្រើប្រាស់សព្វថ្ងៃនេះដែលបានផ្តល់ឱកាសឲ្យកម្ពុជា វិវឌ្ឍជាវិជ្ជមានជាបន្តបន្ទាប់រហូតមកដល់សព្វថ្ងៃ។
ក្នុងឱកាសនោះ សម្ដេចតេជោបានឱ្យដឹងថា មានអ្នកចង់ស្នើទៅសហប្រធានកិច្ចព្រមព្រៀងទីក្រុងប៉ារីសឱ្យកោះប្រជុំបន្ទាន់ដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា និងថៃ, សម្ដេចតេជោចំអកថា ទៅអ្នកឯងទៅស្នើសុំទៅបើគេមក? សម្ដេចតេជោ ប្រាប់ទៅអ្នកដែលមិនយល់ ឬធ្វើជាមិនយល់ ឬធ្វើក៏ធ្វើភ្លឺឱ្យដឹងថា ធាតុចូលរបស់កិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺបានយកមកដាក់នៅក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជារួចហើយ ដែលជាច្បាប់កំពូលរបស់កម្ពុជា៕






