នៅខែវិច្ឆិកា ឆ្នាំ២០២៥ មានភ្ញៀវទេសចរទៅកម្សាន្តក្នុងខេត្តមណ្ឌលគិរី ជាង១១ម៉ឺននាក់
នារដូវរំហើយក្នុងខែវិច្ឆិកា ឆ្នាំ២០២៥នេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិនាំគ្នាសម្រុកទៅកម្សាន្តតាមរមណីដ្ឋានក្នុងខេត្តមណ្ឌលគិរី សរុបចំនួន ១១៨.៦៤១នាក់ ក្នុងនោះមានភ្ញៀវទេសចរបរទេស ១.៣៥៩នាក់ កើនឡើង១៩.០៥% បើធៀបនៅឆ្នាំ២០២៤ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្តត្រឹម ៩៩.៦៥៣នាក់។ នេះបើតាមរបាយការណ៍មន្ទីរទេសចរខេត្តមណ្ឌលគិរី ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៥។
ក្រោយពីទិដ្ឋភាពវាលស្មៅពណ៌ខៀវខ្ចីនារដូវវស្សា តែពេលនេះបានប្រែក្លាយទៅជាសភាពវាលស្មៅពណ៌មាសវិញម្តង និងតាមបណ្ដារមណីដ្ឋានទឹកជ្រោះក៏ធ្លាប់តែមានសភាពទឹកល្អក់ក៏បានប្រែជាទឹកថ្លាបណ្ដើៗផងនោះ ធ្វើឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិសម្រុកមកកម្សាន្តយ៉ាងច្រើនកុះករ ហើយបានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយពេលមកឃើញទិដ្ឋភាពជាក់ស្តែង។
សូមបញ្ជាក់ថា ខេត្តមណ្ឌលគិរី គឺជាខេត្តដែលសម្បូរទៅដោយសម្បត្តិធនធានធម្មយ៉ាងច្រើនសម្បូរបែបបណ្តុំដោយរមណីយដ្ឋានទេសចរណ៍ល្បីៗ និងសក្កានុពលខ្លាំងលើវិស័យទេសចរ ដែលបានទាក់ទាញភ្ញៀវយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ ក្នុងនោះភាគច្រើនពួកគេបានធ្វើដំណើរកម្សាន្តតាមរមណីយដ្ឋានផ្សេងៗជាច្រើនកន្លែងរួមមាន រមណីយដ្ឋានទឹកជ្រោះប៊ូស្រា ដែលជាទឹកជ្រោះល្បីប្រចាំខេត្ត ភ្នំយក្សណាមលៀ កំពូលភ្នំវាលស្មៅដាច់កន្ទុយភ្នែក ចំការស្រល់អូររាំង ទំនប់អូរទេធិបតី រមណីយដ្ឋានសមុទ្រឈើ សមុទ្រឈើភ្នំបាយឆៅ និងរមណីយដ្ឋានផ្សេងៗជាច្រើនទៀត។ ជាងនេះទៅទៀត រដ្ឋបាលខេត្តមណ្ឌលគិរី កំពុងតែអភិវឌ្ឍហេដ្ឋារេចនាសម្ព័នទាំងទីក្រុង និងជនបទបន្ថែមទៀត ជាពិសេសបានពង្រឹងភ្នែកសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋក៏ដូចភ្ញៀវទេសចរឲ្យមានសុខសុវត្ថិភាព ធ្វើយ៉ាងណាដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យចូលមកកម្សាន្តទូទាំងខេត្ត និងលើកស្ទួយជីវភាពក្នុងសហគមន៍របស់ប្រជាពលរដ្ឋផងដែរ៕






