លោកជំទាវ ញ៉ែម មរកត ៖ កូនក្មួយខ្លះអាងមានទូរស័ព្ទប្រើ ក៏ចូលខមិនជេរដៀលទៅលើអ្នកដទៃ បង្កជាការរើសអើង ប៉ះពាល់អារម្មណ៍បងប្អូនភេទទី ៣ ឬក្រុមស្រឡាញ់ភេទដូចគ្នាខ្លាំង
ភ្នំពេញ ៖ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ច្បាស់ជាបានឃើញមកហើយនូវការចែករំលែកនូវរូបភាពបុរសស្រឡាញ់ភេទដូចគ្នាមួយគូបានរៀបពិធីមង្គលការនឹងគ្នា ដោយមានការចូលរួមអបអរសាទរយ៉ាងច្រើន។ ពិតណាស់ គេសង្កេតឃើញមានការប្រើពាក្យជេរប្រមាថជាច្រើនហាក់មិនសមទំនងទេ ចំពោះគូស្នេហ៍បុរសគូនេះ ដោយមតិខ្លះជាន់ឈ្លីសិទ្ធិសេរីភាព មតិខ្លះរើសអើង និង ខ្លះទៀតលេចសើចចំអន់ បន្ថែមដោយការប្រើប្រាស់ពាក្យធ្ងន់ធ្ងរមិនអាចទទួលយកបាន។
លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី លោកជំទាវក៏បានមានប្រសាសន៍ពាក់ព័ន្ធនឹងរឿងនេះដែរ ដោយលោកជំទាវបានរៀបរាប់ថា «មានការចូលខមមិនដៀលត្មេះ រិះគន់ច្រើនទៅលើគូរស្វាមីភរិយាភេទទី ៣! តាំងពីដើមរៀងមក ខ្ញុំតែងចូលរួម និង លើកទឹកចិត្តបងប្អូនកូនក្មួយភេទទី ៣ ឬ អ្នកស្រឡាញ់ភេទដូចគ្នា»។
លោកជំទាវ រដ្ឋលេខាធិការក្រសួងកិច្ចការនារីរូបនេះ ក៏បានបន្តផ្ដាំទៅអ្នករិះគន់ដែរថា «កូនក្មួយខ្លះអាងមានទូរស័ព្ទប្រើ ក៏ចូលខមិនជេរដៀលទៅលើអ្នកដទៃ បង្កជាការរើសអើង ប៉ះពាល់អារម្មណ៍បងប្អូនភេទទី ៣ ឬ ក្រុមស្រឡាញ់ភេទដូចគ្នាខ្លាំង។ បងប្អូនភេទទី ៣ មិនមែនជាឧបសគ្គក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ឬ សង្គមឡើយ ផ្ទុយទៅវិញពួកគាត់ពូកែៗ ឆ្លាតវៃណាស់ក្នុងការប្រកបមុខរបរ លើកកម្ពស់វប្បធម៌ ទេសចរណ៍ ។ល។ ពិសេសប្រឹងប្រែងចូលរួមរៃអង្គាស ឧបត្ថម្ភដល់ជនភៀសសឹក និង កងទ័ពមិនខ្លាចនឿយហត់។ សូមមេត្តាបញ្ឈប់ការរើសអើង ជេរប្រមាថមើលងាយទៅលើពួកគាត់ទៀត»៕



