លួចប្ដូរមាសក្លែងក្លាយ បន្លំយកមាសពិតប្រាកដ ស្ថិតនៅក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល
កណ្តាល៖ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជា ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការងទទួលផែន ការងារនគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរង ទទួលដឹកនាំ ការិយាល័យ និងដឹកនាំកម្លាំងដោយលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបាន ដឹកនាំកម្លាំងចុះស្រាវជ្រាវ និង កំណត់មុខសញ្ញា ដោយសហការជាមួយ កម្លាំងនគរបាល ក្រុងតាខ្មៅ ឈានដល់ការឃាត់ខ្លួន ជនសង្ស័យចំនួន ២ នាក់ ( ប្រុស និង ស្រី ) ជនជាតិ រៀតណាម ដល់ក្នុងបន្ទប់ស្ថិតនៅក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីរសៀល ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៦ ដែលបានប្រព្រឹត្តបទល្មើស អំពើលួច ចំនួន ៣ ករណី ដូចខាងក្រោម ៖
ករណីទី ១ ៖ កាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៥ វេលាម៉ោង ៩:០០ នាទី ជនសង្ស័យបាន ធ្វើសកម្មភាព លួចប្ដូរមាសក្លែងក្លាយបន្លំយកមាសពិតប្រាកដ នៅចំណុចតូបម៉ាក់ លីផេង ក្នុងផ្សារបឹងទំពន់ សង្កាត់ បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ យកបានខ្សែក ទម្ងន់ ២ជីកន្លះ ។
ករណីទី ២ ៖ កាលពីថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០ នាទី ជនសង្ស័យ បានធ្វើ សកម្មភាពលួចប្ដូរ មាសក្លែងក្លាយបន្លំយកមាសពិតប្រាកដ នៅចំណុចហាងលក់មាសយីហោ ហេង មានលាភ ផ្ទះលេខ១៩អឺ០ ផ្លូវ១៣ ភូមិ៥ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ យកបានខ្សែក ទម្ងន់ ២តម្លឹង ។
ករណីទី ៣ ៖ កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៦ វេលាម៉ោងប្រហែល ១៣:៣០ នាទី ជនសង្ស័យបានធ្វើសកម្មភាពលួចប្ដូរមាសក្លែងក្លាយបន្លំយកមាសពិតប្រាកដ នៅចំណុច ហាងមាស ផ្ទះលេខ ២០១ បុរីជីបម៉ុង ២៧១ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ យកបានខ្សែកទម្ងន់ ២តម្លឹង ។
ជនសង្ស័យ ៖
១- ឈ្មោះ ង្វ្រៀន ស៊ីធូ ភេទ ស្រី អាយុ ៥៦ ឆ្នាំ ជនជាតិ វៀតណាម ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ (ជាមុខសញ្ញាចាស់ធ្លាប់ជាពន្ធនាគារច្រើនលើក)
២- ឈ្មោះ ង្វ្រៀន យ៉ាងជា ភេទ ប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិ វៀតណាម ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ការិយាល័យកំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅសាលាដំបូងតាមនីតិវិធី ៕



