ថៃ-ភូមា ឡើងកម្តៅកាន់តែខ្លាំង បន្ទាប់ពីយោធាមីយ៉ាន់ម៉ា បើកការវាយប្រហារយ៉ាងសន្ធាប់ដោយដ្រូនអត្តឃាត

បរទេស៖ ព្រំដែនថៃ-ភូមា ឡើងកម្តៅកាន់តែខ្លាំង បន្ទាប់ពីយោធាមីយ៉ាន់ម៉ា បើកការវាយប្រហារយ៉ាងសន្ធាប់ដោយដ្រូនអត្តឃាត ប្រឆាំងនឹងក្រុមប្រដាប់អាវុធជនជាតិភាគតិចការ៉ែន (KNU) ប៉ុន្តែគ្រាប់បានផ្លាតចូលទៅកម្ទេចផ្ទះប្រជាជនថៃ។ មេបញ្ជាការកងទ័ពជើងគោកថៃ ភ័យស្លន់ស្លោ ប្រញាប់ប្រញាល់ទៅកាន់សមរភូមិមុខ ដើម្បីលើកទឹកចិត្តកងទ័ព និងបញ្ជាឱ្យមានវិធានការសន្តិសុខយ៉ាងតឹងរ៉ឹងបំផុត…។
នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើងរវាងកងទ័ពមីយ៉ាន់ម៉ា និងកងកម្លាំងប្រដាប់អាវុធជនជាតិភាគតិចការ៉ែនបំបែកខ្លួន នៅទល់មុខភូមិម៉ែកនកេន និងភូមិហួយមហាវង្ស ក្នុងឃុំមហាវ៉ាន់ ស្រុកម៉ែសូត្រ នៃខេត្តតាក ប្រទេសថៃ។ កងទ័ពមីយ៉ាន់ម៉ា បានប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ឬដ្រូនអត្តឃាតជាច្រើនគ្រឿង រួមទាំងដ្រូនទម្លាក់គ្រាប់បែក ដើម្បីកំណត់គោលដៅទីតាំងរបស់ក្រុមប្រដាប់អាវុធការ៉ែន ក្នុងក្រុងម្យ៉ាវ៉ាឌី រដ្ឋកាយីន ជាប់ព្រំដែនថៃ។ យ៉ាងណា តួលេខអំពីជនរងគ្រោះនៅតំបន់នេះ មិនទាន់ដឹងនៅឡើយទេ ប៉ុន្តែរបាយការណ៍បង្ហាញថា ទាហានមីយ៉ាន់ម៉ា ព្យាយាមដណ្តើមយកមូលដ្ឋានយោធាប៉ាស័ក្តិ (Pa Sak) ដែលកាន់កាប់ដោយក្រុមប្រដាប់អាវុធជនជាតិភាគតិចការ៉ែន មិនបានជោគជ័យ ខណៈការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធ បណ្ដាលឱ្យខូចខាតផ្ទះជនស៊ីវិលថៃមួយខ្នង។
អង្គុយលែងនឹង អគ្គមេបញ្ជាការកងទ័ពជើងគោកថៃ លោក ផៈណា ក្លែវផ្លតធូក និងប្រតិភូយោធា បានចុះត្រួតពិនិត្យ និងតាមដានស្ថានភាពសន្តិសុខរបស់កងកម្លាំងការពារព្រំដែនដោយផ្ទាល់។ យោធាថៃ បានធ្វើដំណើរទៅកាន់ប៉ុស្តិ៍ត្រួតពិនិត្យសានយ៉ៃលូ (ซานยายหลู่) ឃុំម៉ែគូ (แม่กู่) ក្នុងស្រុកម៉ែសូត្រនៃខេត្តតាក។ គួរជម្រាបថា ស្ថានភាពនៅតាមបណ្ដោយព្រំដែនថៃ-ភូមា ពេលនេះ មិនមែនគ្រាន់តែជាការប៉ះទង្គិចធម្មតានោះទេ ប៉ុន្តែវាបាននិងកំពុងដុតរោលដល់សន្តិសុខព្រំដែនថៃយ៉ាងធ្ងន់ធ្ងរ។
ការប្រើប្រាស់ដ្រូនអត្តឃាតយ៉ាងសន្ធាប់ពីសំណាក់របបសឹកមីយ៉ាន់ម៉ា មិនត្រឹមតែជាការប៉ុនប៉ងកម្ទេចក្រុមការ៉ែនឱ្យរលាយខ្សុលនោះទេ ប៉ុន្តែវាបានឆ្លងចូលដោយប្រយោលក្នុងទឹកដីថៃ។ លើសពីនេះ វត្តមានផ្ទាល់របស់អគ្គមេបញ្ជាការកងទ័ពជើងគោកថៃ នៅសមរភូមិមុខ ខេត្តតាក មិនមែនគ្រាន់តែជាការចុះសួរសុខទុក្ខធម្មតាទេ ប៉ុន្តែវាជាការត្រៀមលក្ខណៈ ដើម្បីសង្គ្រាមផងដែរ។

You might also like