អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ គុណតម្លៃសន្ដិភាពរបស់កម្ពុជា កើតចេញពីរូបមន្តបញ្ចប់សង្គ្រាមដ៏រ៉ាំរៃជាច្រើនទសវត្សរ៍របស់សម្ដេចតេជោ ហ៊ុន សែន

គុណតម្លៃសន្ដិភាពរបស់កម្ពុជាដែលត្រូវបានទទួលស្គាល់ជាសកល មិនមែនកើតឡើងដោយចៃដន្យទេ ប៉ុន្ដែប្រទេសដ៏ដូចមួយនេះបានរកឃើញរូបមន្តបញ្ចប់សង្គ្រាមដ៏រ៉ាំរៃជាច្រើនទសវត្សរ៍ តាមរយៈរូបមន្តនយោបាយ ឈ្នះ ឈ្នះ គ្មានពីររបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្ដីនៃកម្ពុជា។
តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា កម្ពុជាបានសម្រេចចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព(The Board of Peace) តាមការអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald J. Trump កាលពីថ្ងៃ ទី១៦ ខែមករា ឆ្នាំ២០២៦។ នេះគឺជាការប្រកាសឱ្យដឹងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៦។ សម្តេចនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ទៀតថា ការចូលរួមនេះគឺដើម្បីបង្ហាញពីឆន្ទៈរបស់កម្ពុជាក្នុងការគាំទ្រ និងរួមចំណែកដល់ការលើកកម្ពស់ការរក្សាសន្តិភាពសកល។
«សុច្ឆន្ទៈ ស្រឡាញ់សន្តិភាព ការគាំទ្រ និងរួមចំណែក ដល់ការកសាង និងរក្សាសន្តិភាពគឺជាគោលការណ៍ដែលកម្ពុជាតែងតែប្រកាន់ខ្ជាប់ជារៀងរហូតមក ជាពិសេសតាមរយៈការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិទៅបំពេញបេសកកម្មក្នុងបណ្តាប្រទេសមួយចំនួនដែលរងគ្រោះដោយសារសង្រ្គាម។ ការចូលជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាពសម្រាប់អាណត្តិ៣ឆ្នាំ មិនតម្រូវឱ្យបង់ថវិកាទេ»។ នេះបើយោងតាមសម្តេចប្រមុខរាជរដ្ឋាភិបាលដែលបានជម្រាបជូនជនរួមជាតិ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកត់សម្គាល់ថា គុណតម្លៃសន្តិភាពរបស់កម្ពុជាដែលត្រូវបានទទួលស្គាល់ជាសាកលមិនមែនកើតឡើងដោយចៃដន្យទេ ពោលគឺប្រទេសតូចមួយនេះបានរកឃើញរូបមន្តបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃជាច្រើនទសវត្សរ៍តាមរយៈរូបមន្តនយោបាយឈ្នះឈ្នះគ្មានពីររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី ដែលជាស្ថាបនិក និងប្រតិបត្តិករសន្តិភាព ហើយបាននាំមកនូវសន្តិភាពពេញលេញ និងការផ្សះផ្សារបង្រួបបង្រួមជាតិខ្មែរក្នុងរយៈពេលជិត ៣ទសវត្សរ៍ចុងក្រោយ។ កម្ពុជាក៏បានប្រើប្រាស់កាលានុវត្តភាពនៃសន្តិភាពដ៏កម្រនេះដើម្បីអភិវឌ្ឍន៍ប្រទេសឱ្យងើបចេញពីគំនរផេះផង់ ពីអន្លង់ឈាមនិងទឹកភ្នែក មកស្គាល់ការរីកចម្រើនក្នុងសម័យទំនើបដូចសព្វថ្ងៃដោយមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្នជាអ្នកបន្តឈរការពារយ៉ាងប្តូរផ្តាច់នូវសន្តិភាពនិងចាត់ទុកជាអាទិភាពមច្បងបំផុតមួយរបស់រាជរដ្ឋាភិបាល។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា ការតម្កល់តម្លៃសន្តិភាពជាអាទិភាព និងការចូលរួមយ៉ាងសកម្មក្នុងការថែរក្សាសន្តិភាពក្នុងប្រទេស ក្នុងតំបន់ ក៏ដូចជាក្នុងសាកលលោក បានធ្វើឱ្យពិភពលោកនឹកឃើញដល់កម្ពុជាជានិច្ចនៅពេលដែលគេនិយាយពីសន្តិភាព។ អាចនិយាយបានថា ទីណាមានសកម្មភាពដើម្បីសន្តិភាព ទីនោះតែងតែមានការគាំទ្រ និងការចូលរួមចំណែកពីកម្ពុជា។ ការសម្រេចចិត្តចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាពតាមការអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald J. Trump នៅពេលនេះគឺជាសក្ខីភាពថ្មីមួយទៀតដែលបញ្ជាក់អំពីសុឆន្ទៈមិនចេះរីងស្ងួតរបស់កម្ពុជាដើម្បីបុព្វហតុសន្តិភាព។
អ្នកនាំពាក្យបានបន្តថាសក្ខីភាពនៃសុឆន្ទៈស្រឡាញ់សន្តិភាពរបស់កម្ពុជាបានស្តែងឡើងជាស្រេចនៅពេលដែលកម្ពុជាទទួលរងការវាយប្រហារប្រដាប់អាវុធដោយបំពានមកលើដែនអធិបតេយ្យភាពរបស់ខ្លួនពីសំណាក់កងទាហានថៃចាប់តាំងពីចុងខែកក្កដា ឆ្នាំ ២០២៥ ដែលធ្វើឱ្យស្មារតីសន្តិភាពបានផុសត្រឡែតឡើងចេញពីថ្នាក់ដឹកនាំកម្ពុជាក៏ដូចជាប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទី តាមរយៈសម្រែកទាមទារសន្តិភាព ភាពអត់ធ្មត់ដើម្បីបញ្ចៀសសង្គ្រាម និងការងារការទូតយ៉ាងសកម្មដើម្បីស្វះស្វែងរកបទឈប់បាញ់។ ពាក្យសម្តីផ្សារភ្ជាប់ជាមួយសកម្មភាពជាក់ស្តែងទាំងអស់នេះបានបង្ហាញឱ្យពិភពលោកឃើញយ៉ាងច្បាស់ពីស្មារតីស្រឡាញ់សន្តិភាពពិតប្រាកដរបស់កម្ពុជា និងជួយជ្រោមជ្រែងកម្ពុជាដើម្បីសម្រេចបានសន្តិភាព។
ជាលទ្ធផល កិច្ចព្រមព្រៀងឈប់បាញ់ថ្ងៃទី ២៨ ខែកក្កដាឆ្នាំ ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡំពួរ ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥ និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣នៃគណៈកម្មាធិការព្រំដែនទូទៅ(GBC)ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ ដែលផ្តល់កំណើតដល់បទឈប់បាញ់ជាលើកទី២និងដែលស្ថិតនៅជាធរមានដល់សព្វថ្ងៃ សុទ្ធសឹងជាផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងក្នុងស្មារតីស្រឡាញ់ និងការពារសន្តិភាពរបស់ថ្នាក់ដឹកនាំកម្ពុជាក្រោមការជួយជ្រោមជ្រែងពីសហគមន៍អន្តរជាតិជាពិសេសសហរដ្ឋអាម៉េរិក សាធារណរដ្ឋប្រជាមានិតចិន និងម៉ាឡេស៊ី ក្នុងនាមប្រធានប្តូរវេនអាស៊ានឆ្នាំ ២០២៥។

អ្នកនាំពាក្យរាជរដ្ឋាភិបាលគូសបញ្ជាក់ជាថ្មីថា ក្នុងស្មារតីតម្កល់សន្តិភាពជាអាទិភាពខ្ពស់បំផុតនេះ កម្ពុជានៅតែបន្តគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ និងគ្រប់ចំណុចនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀតដែលបានធ្វើកាលពីពេលកន្លងទៅ។ ទន្ទឹមគ្នានេះ កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕

You might also like