ឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស អញ្ជើញចុះពិនិត្យស្ថានីយបូមទឹកនៃប្រព័ន្ធធារាសាស្ត្រវ៉ៃគោជំហាន១ ក្នុងភូមិសាស្ត្រស្រុកកោះសូទិន ខេត្តកំពង់ចាម
នៅថ្ងៃចន្ទ ៨កើត ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយក្រុមការងារក្រសួង ដោយមានការចូលរួមពីលោក ចាន់ រ៉ាន់ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម រដ្ឋបាលស្រុកកោះសូទិន រដ្ឋបាលឃុំ និងតំណាងសហគមន៍ បានអញ្ជើញចុះពិនិត្យស្ថានីយបូមទឹកវ៉ៃគោជំហាន១ ស្ថិតក្នុងភូមិសាស្ត្រស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលក្រុមហ៊ុនឯកជនស្នើសុំប្រតិបត្តិការបូមទឹក ដើម្បីស្រោចស្រពជូនប្រជាពលរដ្ឋ។
ក្នុងឱកាសនោះ ឯកឧត្តមអគ្គនាយក បានចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារដំឡើងស្ថានីយបូមទឹករបស់ក្រុមហ៊ុនឯកជនដែលទទួលបានការអនុញ្ញាតពីក្រសួង សម្រាប់បម្រើដល់សេវាស្រោចស្រពជូនប្រជាពលរដ្ឋតាមប្រព័ន្ធធារាសាស្រ្តវ៉ៃគោជំហាន១ ដែលសម្រេចបានប្រមាណ៥០%។ ឯកឧត្តមអគ្គនាយក ក៏បានរម្លឹកដល់មន្ទីរ និងអាជ្ញាធរដែនដីឱ្យបន្តយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងរបស់ក្រសួងក្នុងការរក្សាទឹកទុក និងការប្រីប្រាស់ទឹកដោយសន្សំសំចៃខ្ពស់នៅរដូវប្រាំងទៅដល់ប្រជាកសិករ៕



