អ្នកស្លាប់ដោយសារបាក់ដីនៅឥណ្ឌូណេស៊ីកើនដល់ ៣៤នាក់ ខណៈភ្លៀងបង្កការលំបាកដល់ការស្វែងរកអ្នកបាត់ខ្លួន
(ហ្សាការតា)៖ ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយឥណ្ឌូណេស៊ី បានប្រកាសនៅថ្ងៃពុធនេះថា ចំនួនអ្នកស្លាប់ដោយសារគ្រោះបាក់ដីនៅខេត្តជ្វាខាងលិច (West Java) បានកើនឡើងដល់ ៣៤នាក់ហើយ ខណៈដែលមនុស្ស ៣២នាក់ផ្សេងទៀតនៅតែបន្តបាត់ខ្លួននៅឡើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ប្រតិបត្តិការស្វែងរកដែលចូលដល់ថ្ងៃទី៥ កំពុងជួបការលំបាកដោយសារភ្លៀងធ្លាក់ខ្លាំង។ ហេតុការណ៍នេះបានកើតឡើងនៅភូមិ Pasir Langu កាលពីព្រឹកថ្ងៃសៅរ៍ ដោយបានកប់ផ្ទះសម្បែងជាច្រើនខ្នង។
កុមារា រីហ្វាល់ វ័យ ១៤ឆ្នាំ ដែលបានបាត់បង់ឪពុកម្តាយ និងបងប្រុសក្នុងគ្រោះមហន្តរាយនេះ បានរៀបរាប់ទាំងទឹកភ្នែកថា «យើងធ្លាប់មានគ្រោះបាក់ដីពីមុនមកដែរ ប៉ុន្តែតូចតាច… លើកនេះវាបានបំផ្លាញអ្វីៗទាំងអស់រាបដល់ដី។ អ្វីៗត្រូវបានបាត់បង់អស់ហើយ»។
មន្ត្រីបានបញ្ជាក់ថា ក្រុមសង្គ្រោះជាង ៨០០នាក់ រួមជាមួយគ្រឿងចក្រ ៩គ្រឿង កំពុងប្រឹងប្រែងស្វែងរកអ្នកបាត់ខ្លួន។ ដោយឡែក ទាក់ទងនឹងសេចក្តីរាយការណ៍របស់កងទ័ពជើងទឹកដែលថា ទាហាន ២៣នាក់បានស្លាប់អំឡុងពេលហ្វឹកហាត់ល្បាតព្រំដែន មន្ត្រីបានបញ្ជាក់ថា មកទល់ពេលនេះមិនទាន់ច្បាស់ទេថាតើតួលេខអ្នកស្លាប់ចុងក្រោយនេះ រាប់បញ្ចូលទាំងទាហានទាំងនោះឬយ៉ាងណា៕



