ជនសង្ស័យម្នាក់ គ្មានលុយទិញថ្នាំញៀនជក់ បានសុំលុយក្មួយ មិនបាន ក៏ប្រើហិង្សា ដេញវាយក្មួយ និងបងស្រីបង្កើត ព្រមទាំងគំរាមសម្លាប់
ខេត្តកណ្តាល ៖ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ នៅចំណុចផ្ទះស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជនសង្ស័យម្នាក់ គ្មានលុយទិញថ្នាំញៀនជក់ បានសុំលុយក្មួយ មិនបាន ក៏ប្រើហិង្សា ដេញវាយក្មួយ និងបងស្រីបង្កើត ព្រមទាំងគំរាមសម្លាប់ ត្រូវសមត្ថកិច្ចអន្តរាគមន៏ចាប់ឃាត់ខ្លួន យកមកចាត់ការតាមច្បាប់។
ស្ត្រីរងគ្រោះ មានឈ្មោះ អឿន ឡៃហៀង អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ (ជាស្ត្រីមេម៉ាយ និងត្រូវជាបងស្រីបង្កើតរបស់ជនសង្ស័យ) មុខរបរលក់ចាប់ហួយ មានលំនៅ ភូមិកើតហេតុខាងលើ ។ ចំណែកជនសង្ស័យ មានឈ្មោះ អឿន ដារ៉ូ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ (ជាប្អូនប្រុសរបស់ស្ត្រីរងគ្រោះ) មុខរបរមិនពិតប្រាកដ (វិជ្ជមាននូវសារធាតុញៀន) មានលំនៅ ក្នុងភូមិកើតហេតុ ធ្លាប់មានប្រវត្តិជាប់ពន្ធនាគារខេត្តកណ្តាល ចំនួន ០១ឆ្នាំ ករណីហិង្សាដោយចេតនា ។
សមត្ថកិច្ច បានបន្តថា តាមការបំភ្លឺរបស់ស្ត្រីរងគ្រោះ ករណីហិង្សាពីសំណាក់ប្អូនប្រុសដែលជាជនសង្ស័យ គឺចាប់តាំងពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ មក ដោយកូនរបស់ស្ត្រីរងគ្រោះ បានជិះម៉ូតូ ទៅយកប្អូននៅផ្ទះរបស់ឪពុកម្តាយខ្លួន នៅខាងដើមភូមិ ស្រាប់តែជនសង្ស័យជាពូ បានមកសុំលុយក្មួយ តែក្មួយប្រុសទាំងពីរ គ្មានលុយឲ្យ ស្រាប់ជនសង្ស័យបានវាយក្មួយប្រុស ជាកូនស្ត្រីរងគ្រោះតែម្តង។ លុះមកដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ ជនសង្ស័យ បានមកដល់ផ្ទះរបស់បងស្រី (ស្ត្រីរងគ្រោះ) ដោយដើរចូលទៅក្នុងផ្ទះ យកអីវ៉ាន់ស្រេចនឹងចិត្ត ច្រកដាក់ក្នុងថង់ខ្មៅ រួចបើកទូដាក់បារី បម្រុងយកទៀត ភ្លាមនោះស្ត្រីរងគ្រោះឃើញទាន់ ក៏ឆក់យកថង់ខ្មៅនោះមកវិញ ធ្វើឲ្យជនសង្ស័យខឹង ក៏ស្ទុះមកចាប់បោចសក់ជនរងគ្រោះ និងដាល់បងស្រី ០១ដៃទៀត។ បន្ទាប់មកជនសង្ស័យ បានចាប់បងស្រីបោកផ្ទប់ទៅនឹងធុងក្លាស្សេ និងចាប់បោកត្រូវនឹងផើងផ្កា បណ្តាលមានរបួសស្នាម ជាំដៃជើង និងផ្ទៃមុខ ឈឺចុកចាប់ពេញរាងកាយតែម្តង។ ពេលនោះ ស្ត្រីរងគ្រោះ បានស្រែកហៅបងប្រុសដែលផ្ទះនៅជិតគ្នា ឲ្យជួយ ក៏ត្រូវបានជនសង្ស័យប្រតាយប្រតប់ជាមួយបងប្រុសទៀត មុននឹងបែកគ្នារៀងៗខ្លួន។ លុះដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ជនសង្ស័យ បានរករឿងអុកឡុកម្តាយឪពុក បន្តន្តទៀត ក៏ត្រូវស្ត្រីរងគ្រោះ ទូរស័ព្ទប្តឹងសមត្ថកិច្ចដែលកំពង់ល្បាត ចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យភ្លាមៗ យកទៅសាកសួរនៅប៉ុស្តិ៍នគរបាលរកាខ្ពស់ ។
ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិជាបានធ្វើសកម្មភាពប្រើអំពើហិង្សាដោយចេតនា ទៅលើជនរងគ្រោះ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ប្រាកដមែន។
ជនសង្ស័យ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ តាមនីតិវិធី ៕



