អភិបាលខេត្តកំពង់ស្ពឺ ព្រមានចាត់វិធានការចំពោះអាជ្ញាធរមូលដ្ឋានណាដែលឃុបឃិតបង្កើតឱ្យមានការឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)

កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ បានធ្វើការព្រមានចាត់វិធានការទៅលើអធិការ ឬមេប៉ុស្តិ៍ណាដែលបានឃុបឃិតបង្កើតឱ្យមានស្គែមអនឡាញ (Online Scams) នៅក្នុងមូលដ្ឋានដែលខ្លួនគ្រប់គ្រង ហើយក្នុងនោះក៏មិនលើកលែងដែរចំពោះអភិបាលក្រុងស្រុកដែលខ្វះការត្រួតពិនិត្យ និងមិនរាយការណ៍ពីទីតាំងស្គែមអនឡាញនេះ។
ការព្រមានដូច្នេះធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យ និងជំរុញ ការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពប្រចាំឆ្នាំ២០២៥ និងលើកទិសដៅ២០២៦ ក្រោមវត្តមានលោក សំរិទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ ឯកឧត្តមបណ្ឌិតបានលើកឡើងថា បច្ចុប្បន្នសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បាននិងកំពុងបង្កការគំរាមកំហែង និងអសន្តិសុខក្នុងពិភពលោក និងតំបន់ហើយក្រុមឧក្រិដ្ឋជនបរទេសក៏បានជ្រៀតចូលមកប្រទេសកម្ពុជា ដើម្បីធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ។
ឯកឧត្តមបានបន្តថា ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានណែនាំដល់អភិបាលរាជធានី ខេត្ត និងស្នងការនគរបាលរាជធានី-ខេត្ត ត្រូវម្ចាស់ការទទួលខុសត្រូវក្នុងការបោសសម្អាតគ្រប់ទីតាំងធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់ពីក្នុងភូមិសាស្ត្រ និងដែនសមត្ថកិច្ចរបស់ខ្លួន ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។គ្រប់ក្រសួង ស្ថាប័ន គណៈកម្មាធិការសន្តិសុខសម្ហសមុទ្រ លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត អង្គភាព និងសមត្ថកិច្ចដែលពាក់ព័ន្ធ ត្រូវអនុវត្តបទបញ្ជានេះ ឱ្យបានម៉ឺងម៉ាត់បំផុត និងមានប្រសិទ្ធភាពខ្ពស់។
ជុំវិញការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ដោយម៉ឺងម៉ាត់ថា អាជ្ញាធរអធិការក្រុង ស្រុក មេប៉ុស្តិ៍ត្រូវតែបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្ពស់ក្នុងការបង្ក្រាបទប់ស្កាត់ការឆបោកនេះឱ្យមានប្រសិទ្ធិភាពនិងតម្លាភាព ប៉ុន្តែមិនលែងឱ្យទេ ប្រសិនរកឃើញថាបានឃុបឃិត និងសម្រួលឱ្យមានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងមូលដ្ឋានរបស់ខ្លួន៕

You might also like