ករណីមរណភាពមាតា និងទារកភាគច្រើន បណ្តាលមកពីកត្តាយឺត៣យ៉ាង

(ព្រះវិហារ)៖ លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានលើកឡើងថា ករណីនៃមរណភាពមាតានិ ងទារក ភាគច្រើនបណ្តាលមកពីកត្តាយឺត ៣យ៉ាង ដែលមន្ត្រីឆ្មបទាំងអស់ត្រូវយកចិត្តទុកដាក់ និងជៀសដាច់ខាតនូវករណីទាំង ៣យ៉ាងនេះ។
ការថ្លែងរបស់លោកវេជ្ជបណ្ឌិត គួង ឡូ ក្នុងឱកាសដែលលោកអញ្ជើញបិទកិច្ចប្រជុំឆ្លុះបញ្ចាំងស្តីពី ការសង្គ្រោះទារកទើបនឹងកើតភ្លាម (INC program Reviews Meeting) នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ដោយមានការចូលរួមពីមន្ត្រីឆ្មបចំនួន៣៥រូប មកពីមន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យបង្អែកជាំក្សាន្ត មណ្ឌលសុខភាពទាំង៣០មណ្ឌល ការិយាល័យស្រុកប្រតិបត្តិ និងមន្ទីរសុខាភិបាលខេត្ត។
ថ្លែងនៅក្នុងពិធីនេះ លោកវេជ្បណ្ឌិត គួង ឡូ បានផ្តល់នូវធាតុចូល និងណែនាំដល់ការិយាល័យស្រុកប្រតិបត្តិ និងកម្មវិធីសុខភាពមាតា និងទារក ពិចារណាសម្រាប់មណ្ឌលសុខភាពដែលមានឆ្មបតិច ឬមានការសម្រាលតិចតួច (ឆ្មបអាចខ្វះបទពិសោធន៍) ថាតើត្រូវស្នើសុំឆ្មបពីមណ្ឌលផ្សេងមកជួយ ឬសម្រេចចិត្តត្រូវបញ្ជូន ឬអត់? បញ្ជូនទៅកន្លែងដែលមានសុវត្ថិភាពជាង។
លោកប្រធានមន្ទីរសុខាភិបាល បានបញ្ជាក់ថា ករណីនៃមរណភាពមាតា និងទារកភាគច្រើនបណ្តាលមកពីកត្តាយឺត ៣យ៉ាងគឺ៖
*ទី១៖ ការយឺតយ៉ាវក្នុងការសម្រេចស្វែងរកសេវាថែទាំសុខភាពនៅមូលដ្ឋានសុខាភិបាលសាធារណៈរបស់ស្ត្រីមានផ្ទៃពោះ
*ទី២៖ ការយឺតយ៉ាវក្នុងការបញ្ជូនស្ត្រីពេលមានបញ្ហា (ពីសហគមន៍មកមូលដ្ឋានសុខាភិបាល ឬពីមូលដ្ឋានសុខាភិបាលដែលមានទាបទៅមូលដ្ឋានសុខាភិបាលដែលមានកម្រិតខ្ពស់ជាង)
*ទី៣៖ ការយឺតយ៉ាវក្នុងការទទួលបានការថែទាំប្រកបដោយគុណភាព (ការអន្តរាគមន៍នានា និងការសម្រេចចិត្តបញ្ជូនបន្ត)។
ប្រធានមន្ទីរសុខាភិបាល បានណែនាំឆ្មបត្រូវធ្វើការពិនិត្យជូនស្ត្រីយ៉ាងយកចិត្តទុកដាក់ សាកសួរប្រវត្តិជំងឺឱ្យបានគ្រប់ជ្រុងជ្រោយ ត្រៀមអុកស៊ីហ្សែន ជាប្រចាំ អ្នកផ្តល់សេវាត្រូវមានទាំងចំណេះ ជំនាញ និងចំណង់ ក្នុងការផ្តល់សេវាជូនអតិថិជន អ្នកគ្រប់គ្រងត្រូវមានការលើកទឹកចិត្តដល់មន្ត្រីដែលបានបំពេញការងារល្អ និងមានការដាក់ពិន័យដល់មន្ត្រីដែលអសកម្មផងដែរ៕

You might also like