នៅត្បូងឃ្មុំ មានរៀបចំ ពិធីចាប់ត្រីតាមបែបបុរាណ នៅបឹងត្រពាំងក្រម
នៅថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ រដ្ឋបាលខេត្តត្បូងឃ្មុំ បានជូនដំណឹងឱ្យបានដឹងថា រដ្ឋបាលខេត្តរួមជាមួយរដ្ឋបាលស្រុកមេមត់ រដ្ឋបាលឃុំជាំក្រវៀន ដោយមានការសហការពីមន្ទីរ-អង្គភាពពាក់ព័ន្ធ នឹងរៀបចំ «ពិធីចុះចាប់ត្រីតាមបែបបុរាណ» នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៦ ចាប់ពីម៉ោង ៩:០០ នាទីព្រឹក តទៅ នៅបរិវេណបឹងត្រពាំងក្រម ស្ថិតភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
រដ្ឋបាលខេត្តបានបញ្ជាក់ឱ្យដឹងថា ពិធីចាប់ត្រីនេះ ធ្វើឡើងដើម្បីបន្តលើកស្ទួយវប្បធម៌ និង រក្សានូវប្រពៃណីទំនៀមទម្លាប់បន្សល់ពីបរមបុរាណ របស់ដូនតានៃប្រជាជនភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ព្រមទាំងរួមចំណែកការបង្កើនស្មារតី ទេសចរណ៍នៅក្នុងខេត្តត្បូងឃ្មុំ ឱ្យកាន់តែមានភាពរីកចម្រើន។
ក្នុងនោះ ចំពោះកម្មវិធីជាក់ស្តែងមានដូចខាងក្រោម៖
– ម៉ោង ៧:៣០ នាទីព្រឹក ៖ ជួបជុំបងប្អូនប្រជាពលរដ្ឋ និង ភ្ញៀវជាតិ-អន្តរជាតិ
– ម៉ោង ៨:០០ នាទីព្រឹក ៖ គណៈអធិបតី និង សហការី អញ្ជើញដល់
– ម៉ោង ៨:៣០ នាទីព្រឹក ៖ ប្រសាសន៍សំណេះសំណាលរបស់ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ
– ម៉ោង ៩:០០ នាទីព្រឹក ៖ ប្រកាសចាប់ផ្តើមចុះចាប់ត្រីតាមបែបបុរាណ នៅក្នុងបឹងត្រពាំងក្រម ឧបករណ៍សម្រាប់ចាប់ត្រី រួមមាន៖ អង្រុត ឈ្នាង ត្រក ក្អុះ ។ល៕



