អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ កម្ពុជា ប្ដេជ្ញាការពារអធិបតយ្យភាពជាតិ និងទឹកដីយ៉ាងម៉ឺងម៉ាត់មិនអាចធ្វើសម្បទានបានឡើយ
ប្រសាសន៍របស់ថ្នាក់ដឹកនាំកំពូលរបស់កម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ជាបន្តបន្ទាប់ថា កម្ពុជា ប្ដេជ្ញាគ្រប់បែបយ៉ាងលើការ ការពារអធិបតយ្យភាពជាតិ និងបូរណភាពទឹកដីយ៉ាងម៉ឺងម៉ាត់ មិនអាចធ្វើសម្បទានបាន និងជ្រើសរើសយកការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមរយៈយន្តការដែលមានស្រាប់តាមស្មារតីនៃអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ ខណៈដែលកម្ពុជា និងថៃមានខ្សែព្រំដែនអន្តរជាតិដែលការពារយ៉ាងរឹងមាំដោយច្បាប់អន្តរជាតិ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។
តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងជំនួបជាមួយពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារ កាលពីថ្ងៃទី៣១ ខែមករាកន្លងទៅនេះ បានបានមានប្រសាសន៍ប្រាប់ប្រជាពលរដ្ឋភៀសសឹកថា ការទាមទារបូរណភាពទឹកដីរបស់យើងនៅតែបន្តធ្វើនៅគ្រប់កន្លែងទាំងអស់ពោលគឺរាជរដ្ឋាភិបាលមិនបានបោះបង់ចោលសិទ្ធិការពារទឹកដីនោះឡើយ ហើយការចុះហត្ថលេខាលើបទឈប់បាញ់ក៏មិនមែនជាថ្នូរនឹងការកាត់ទឹកដីឱ្យគេនោះឡើយ។
ចំណែកសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកំពុងកាន់អំណាច បានគូសបញ្ជាក់ក្នុងសារកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ថា កម្ពុជាប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការខិតខំដើម្បីសម្រេចគោលដៅចម្បងរបស់ខ្លួន គឺការបញ្ចប់ទុក្ខវេទនារបស់ប្រជាជនទប់ស្កាត់ការបំផ្លិចបំផ្លាញ និងបន្តដើរលើមាគ៌ាឆ្ពោះទៅរកសន្តិភាព ដំណោះស្រាយប្រកបដោយយុត្តិធម៌ និងចីរកាល។ ទន្ទឹមនោះកម្ពុជានឹងមិនធ្វើសម្បទាននូវអធិបតេយ្យ ឬសេចក្តីថ្លៃថ្នូររបស់ខ្លួនឡើយ។
សូមរម្លឹកថា ក្នុងឱកាសជំនួបជាមួយពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារ, សម្ដេចធិបតី នាយករដ្ឋមន្រ្ដីក៏បានបញ្ជាក់ដែរថា ការងារវាស់វែង គ្រប់គ្រង និងដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ គឺនៅតែធ្វើឡើងដោយគោរពតាមច្បាប់អន្តរជាតិដដែល ពីព្រោះព្រំដែនកម្ពុជា-ថៃ គឺជាព្រំដែនអន្តរជាតិដែលត្រូវដោះស្រាយយន្តការទូតនិងបច្ចេកទេសព្រំដែន។ ទោះបីជាដំណោះស្រាយតាមផ្លូវច្បាប់វាយឺតបន្តិចមែនតែវាជាដំណោះស្រាយដែលធានានូវសេចក្តីសុខយូរអង្វែងសម្រាប់ទាំងអស់គ្នា៕



