អ្នកនាំពាក្យរដ្ឋបាលខេត្តឧត្តរមានជ័យ ផ្តល់ព័ត៌មានដល់អ្នកសារព័ត៌មាន ពាក់ព័ន្ធនឹងអំពើឈ្លានរបស់ថៃនៅច្រកព្រំដែនអូរស្មាច់
ឧត្តរមានជ័យ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦
លោក ម៉េត មាសភក្តី អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ នេះថា៖ «យោធាថៃ បានដាក់លូប្រអប់ និងរាយបន្លាលួសចូលតំបន់អូរស្មាច់ ៤២០ម៉ែត្រ ពីបង្គោលព្រំដែនលេខ១៥ ដែលភាគីថៃ បានឯកភាពទទួលស្គាល់ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ក្រោយបទឈប់បាញ់ចូលជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ត្រង់ចំណុចនេះ បញ្ជាក់យ៉ាងច្បាស់ពីទង្វើឈ្លានពានរបស់ថៃ មកលើទឹកដីកម្ពុជា»។
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញលិខិតតវ៉ាជាបន្តបន្ទាប់ ប្រឆាំងដាច់អហង្ការចំពោះអំពើរំលោភបំពានយ៉ាងកំរោលពីសំណាក់យោធាថៃ និងតែងតែបញ្ជាក់ម្តងហើយម្តងទៀតពីគោលជំហររបស់ខ្លួនក្នុងការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ សេចក្តីប្រកាសរួមនានា និងដាច់ខាតមិនទទួលស្គាល់ការកែប្រែខ្សែព្រំដែនណាមួយ ដោយការការប្រើប្រាស់កម្លាំងនោះទេ។



