អាមេរិកផ្តល់ជំនួយ ៥លានដុល្លារអាមេរិក សម្រាប់សកម្មភាពបោសសម្អាតមីន និងគ្រាប់បែកចង្កោមនៅកម្ពុជា

(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងលោក Hans Peter Risser ប្រធានអង្គការ NPA របស់អាមេរិក នៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការភាពជាដៃគូ CMAC និងអង្គការNPA ក្រោមគម្រោង «ការពារអាយុជីវិត និងឆ្ពោះទៅលុបបំបាត់ផលប៉ះពាល់ ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជា»។

ពិធីនេះមានការអញ្ជើញចូលរួមជាសាក្សីពីសំណាក់លោកស្រី Kelly Saltzman សហការីផ្នែកនយោបាយ នៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជាផងដែរ។

បើតាម CMAC, តាមរយៈការអនុវត្តគម្រោងកម្មវិធីការស្រាវជ្រាវ និងបោសសម្អាតគ្រាប់បែកចង្កោម ការបោសសម្អាតមីន និងការដោះស្រាយការគំរាមកំហែងដែលនៅសេសសល់ សម្រាប់រយៈពេល ១៨ខែ ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៧ ដែលមានថវិកាគាំទ្រគម្រោងសរុបចំនួន ៥ ០០០ ០០០ដុល្លារ ដែលក្នុងនោះអង្គភាព CMAC បានទទួលថវិកាចំនួន ៤ ០០០ ០០០ដុល្លារអាម៉េរិក និងអង្គការ NPA បានទទួលថវិកាចំនួន ១ ០០០ ០០០ដុលា្លរអាម៉េរិក។

គម្រោងនេះជួយគាំទ្រកម្លាំងជំនាញអង្គភាព CMAC ចំនួនប្រមាណជិត ៣០០នាក់ ក្នុងកងឯកភាពកំចាត់មីនចំនួន២ នៅទិសខេត្តត្បូងឃ្មុំ និងទិសខេត្តឧត្តរមានជ័យ ដែលទទួលបន្ទុកប្រតិបត្តិការដោយផ្ទាល់។

សូមជម្រាបថា គម្រោងនេះមានគោលបំណងលុបបំបាត់ហានិភ័យបង្កដោយគ្រាប់មីន និងសំណល់ជាតិផ្ទុះឱ្យមានប្រសិទ្ធភាព ស្តារជីវភាពរស់នៅរបស់ប្រជាជនក្នុងសហគមន៍ ដែលរងផលប៉ះពាល់ ជំរុញដល់កំណើនសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាព។​

សូមបញ្ជាក់ថា​ សង្គ្រាមសៀមឈ្លានពានក្នុងឆ្នាំ២០២៥ កន្លងទៅនេះ​ បានបង្កឱ្យមានផលប៉ះពាល់ដល់បូរណភាពទឹកដីកម្ពុជា ដោយសារគ្រាប់បែកចង្កោម​ គ្រាប់បែកទម្លាក់ពីយន្តហោះ/ដ្រូន​ គ្រាប់អាវុធសារធាតុគីមី​ និងគ្រាប់យុទ្ធភណ្ឌ​ទូទៅ​ គំរាមកំហែងសុខសុវត្ថិភាពលើផ្ទៃដីចំនួនប្រមាណ ៤៤១ ៥៩៥ហិកតា​ ក្នុងភូមិសាស្ត្រនៃភូមិចំនួន៣៤០​ មានចំនួនជាង ៩១ ៤១១​គ្រួសារ​ ស្មើនឹងមនុស្សរាយជិត ៣៦៤​ ​៦៩៤នាក់​ ក្នុង៧ខេត្ត​តាមបណ្តោយព្រំដែនកម្ពុជា-សៀម។

គម្រោងនេះត្រូវអនុវត្តដោយផ្តោតជាសំខាន់នៅខេត្តឧត្តរមានជ័យ​ ដែលមានផ្ទៃដីសង្ស័យរងផលប៉ះពាល់ចំនួន ៤០ ៤០០ហិកតា​ ស្ថិតក្នុងភូមិចំនួន១៤៥។ ទន្ទឹមនឹងជំនួយនេះ​ រដ្ឋាភិបាលសហរដ្ឋអាមេរិកក៏បានផ្តល់ការគាំទ្រលើការងារសម្ភារបច្ចេកទេស​ និងពង្រឹងសមត្ថភាពធនធានមនុស្សផងដែរ។

ឆ្លៀតក្នុងឱកាសនេះ លោក ហេង រតនា បានសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានគាំទ្រគម្រោងដ៏មានសារសំខាន់នេះ និងសូមសម្តែងការកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះលោកប្រធានាធិបតី​ Donald J Trump​ រដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាម៉េរិក ជាពិសេសអង្គការ NPA ដែលបានបន្តគាំទ្រយ៉ាងសកម្មដល់សកម្មភាពមីន និងការអភិវឌ្ឍន៍នៅកម្ពុជា។

ក្នុងស្មារតីសប្បុរសធម៌ ការគាំទ្រដ៏ថ្លៃថ្លា និងការប្តេជ្ញាចិត្តប្រកបដោយឆន្ទៈមោះមុតទាំងនេះ គឺជាកម្លាំងចលករយ៉ាងសំខាន់ ដើម្បីឱ្យអង្គភាព CMAC អាចបន្តបេសកកម្មមនុស្សធម៌ដ៏ឧត្តុង្គឧត្តមនេះ ដើម្បីសង្គ្រោះអាយុជីវិត និងរួមចំណែកក្នុងការអភិវឌ្ឍជាតិឱ្យកាន់តែរីកចម្រើន និងប្រកបដោយចីរភាព៕

You might also like