Love Riya មិនទាន់ត្រូវបានដោះលែងពីពន្ធនាគារនោះទេ
(ភ្នំពេញ)៖ ប៉ុន្មានថ្ងៃនេះ ឃើញបងប្អូនបង្ហោះរូបថតអ្នកនាង ឆេង ស្រីរ័ត្ន ហៅ Love Riya ហើយខ្លះថា នាងត្រូវបានដោះលែង។
តាមការបញ្ជាក់របស់សមត្ថកិច្ចខេត្តកណ្តាល, គិតត្រឹមថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២៦ នាង Love Riya មិនទាន់ដោះលែងពីពន្ធនាគារនោះឡើយ។
សម្រាប់រូបភាពរបស់នាង ដែលស្លៀកពាក់ខោអាវអ្នកទោសនោះ គឺមន្រ្តីអនុរក្សពន្ធនាគារ នាំនាងមកពិនិត្យសុខភាពនៅមន្ទីរពេទ្យ ដោយមានការអនុញ្ញាតពីតុលាការ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយចាប់ខ្លួនគាត់មួយសប្តាហ៍ ទើបដឹងថា គាត់មានផ្ទៃពោះ។
សូមបញ្ជាក់ថា អ្នកនាង ឆេង ស្រីរ័ត្ន ហៅ Love Riya ត្រូវបានចៅក្រមស៉ើបសួរ នៃសាលាដំបូងខេត្តកណ្ដាល សម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ន នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ក្រោយតំណាងអយ្យការសម្រេចចោទប្រកាន់ចំនួន២បទល្មើស រួមមាន «ញុះញង់ឲ្យប្រព្រឹត្តឧក្រិដ្ឋជាអាទិ៍ និងធ្វើឲ្យខូចទឹកចិត្តកងទ័ព»។
ការចាប់ខ្លួនអ្នកនាង ធ្វើឡើងបន្ទាប់ពីអ្នកលក់ឡេល្បីឈ្មោះរូបនេះ ប្រើប្រាស់ពាក្យសម្ដីនៅលើបណ្ដាញសង្គមដែលមានលក្ខណៈញុះញង់ បំបាក់ទឹកចិត្តកងទ័ព និងប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរ ពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-ថៃ និងការប្រើប្រាស់ផលិតផលថៃ។






