ជនដៃដល់៣នាក់ ពាក់ព័ន្ធកាប់ប្លន់យកម៉ូតូយ៉ាងអនាធិបតេយ្យនៅក្រុងសៀមរាប ត្រូវបានកម្លាំងនគរបាលបង្ក្រាបបាន
(សៀមរាប)៖ ដោយអនុវត្តតាមផែនការបង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទរបស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប, កម្លាំងនគរបាលផែនការងារព្រហ្មទណ្ឌ សហការជាមួយកម្លាំង ការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជាខេត្តសៀមរាប កាលពីវេលាម៉ោង ៥ព្រឹកទាបភ្លឺថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានស្ទាក់ចាប់មុខសញ្ញា៣នាក់ ជិះម៉ូតូ២គ្រឿង ដែលពាក់ព័ន្ធនឹងករណីអំពើហិង្សា និងលួចមានស្ថានទម្ងន់ទោសដោយប្រើហិង្សា នៅចំណុចស្ថានីយប្រេងឥន្ធនៈយីហោ Sokimex ភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
មន្រ្តីនគរបាលខេត្តសៀមរាប បានប្រាប់បណ្តាញព័ត៌មាន នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ថា ក្រោយបង្ក្រាបបាន កម្លាំងនគរបាលបានដកហូតដាវកែច្នៃ (ផ្លែដែកដងដែករុំស្កុតពណ៌ខ្មៅ) ចំនួន១ដើម, ម្សៅក្រាមពណ៌ស (ប្រភេទគ្រឿងញៀន) ចំនួន ១កញ្ចប់តូច, ជំពាមកៅស៊ូចំនួន១ និងគ្រាប់កង់ចំនួន ២៨គ្រាប់។
ជនដៃដល់ទាំង៣នាក់ រួមមាន៖
*ទី១៖ ឈ្មោះ បន ចាន់ អាយុ ១៦ឆ្នាំ មុខរបរគ្មាន (ធ្លាប់ជាប់មណ្ឌលគ្រឿងញៀន៦ខែ)
*ទី២៖ ឈ្មោះ ម៉េង សុធារិទ្ធិ អាយុ ១៥ឆ្នាំ មុខរបរគ្មាន (ធ្លាប់ជាប់មណ្ឌលគ្រឿងញៀន៥ខែ)
*ទី៣៖ ឈ្មោះ ហាវ សុហេង អាយុ ១៦ឆ្នាំ មុខរបរគ្មាន (ធ្លាប់ជាប់ពន្ធនាគារករណីគ្រឿងញៀន១លើក)។ ជនសង្ស័យទាំង៣នាក់ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
ក្រោយបង្ក្រាប និងសួរនាំ, ក្រុមក្មេងទំនើងទាំងនេះ បានឆ្លើយសារភាពដូចគ្នាថា ដាវកែច្នៃខាងលើជាកម្មសិទ្ធិរបស់ឈ្មោះ ម៉េង សុធារិទ្ធិ។ កន្លងទៅពួកគេយកលាក់ទុកនៅចំណុចសួនផ្កា មុខមន្ទីរពេទ្យគុន្ធបុប្ផា មុនធ្វើសកម្មភាពកាប់ ជនរងគ្រោះយកម៉ូតូ កាលពីវេលាម៉ោង ១៖៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចមុខសាលារៀនព្រះឥន្ទកោសារ ស្ថិតនៅភូមិទ្រាំ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
បន្ទាប់ពីធ្វើសកម្មភាពហើយ ពួកខ្លួនបានលាក់ទុកដាវ នៅទីតាំងខាងលើវិញ។ ចំណែកឈ្មោះ ហាវ សុហេង បានឆ្លើយសារភាពបន្ថែមទៀតថា កាលវេលាម៉ោង ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ នៅចំណុចផ្លូវ បេតុងមុខផ្សារហ៊ុយឡេង ស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រូបខ្លួន និងបក្ខពួកចំនួន៤នាក់ទៀត បានធ្វើសកម្មភាពយកដាវខាងលើ ទៅកាប់គូជម្លោះចាស់ជាជនរងគ្រោះបណ្ដាលឲ្យរងរបួស។
វត្ថុតាងដកហូត៖ ដាវកែច្នៃ (ផ្លែដែកដងដែករុំស្កុតពណ៌ខ្មៅ) ចំនួន ១ដើម, ម្សៅក្រាមពណ៌ស (ប្រភេទគ្រឿងញៀន) ចំនួន ១កញ្ចប់តូច, ជំពាមកៅស៊ូ ចំនួន១ និងគ្រាប់កង់ចំនួន ២៨គ្រាប់ ទូរស័ព្ទដៃចំនួន ៣គ្រឿង និងម៉ូតូ Honda Dream ពណ៌ខ្មៅ ពុំមានផ្លាកលេខ ចំនួន ២គ្រឿង។ ក្រោយធ្វើតេស្តរកសារធាតុញៀន មុខសញ្ញាទាំង៣នាក់ វិជ្ជមាន។
ជនសង្ស័យទាំង៣នាក់ និងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ និងត្រូវបានតុលាការសម្រេចឃុំខ្លួនហើយ។
ស្នងការដ្ឋាននគរបាលខេត្តសៀមរាប សូមអំពាវនាវដល់យុវជនទាំងអស់ សូមចៀសឱ្យឆ្ងាយពីអំពើហឹង្សា និងគ្រឿងញៀន ព្រោះគ្រឿងញៀន នឹងបំផ្លាញខ្លួនអ្នក ធ្វើឱ្យបាត់បង់ថវិកា បំផ្លាញក្រុមគ្រួសារ និងសង្គមជាតិយ៉ាងធ្ងន់ធ្ងរ៕






