ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមុខសញ្ញាធ្វើសកម្មភាពលួចម៉ូតូក្នុងភូមិសាស្រ្តខណ្ឌទួលគោក និងម្នាក់ទៀត បានធ្វើសកម្មភាពប្រតាយប្រតប់ជាមួយសមត្ថកិច្ច ដើម្បីរំដោះជនសង្ស័យ
ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង២១:៣៥នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ និងលោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន ចូលរួមដោយលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ និងលោកវរសេនីយ៍ទោ ប៊ុត ស៊ីម៉េង នាយការិយាល័យ បានដឹកនាំកម្លាំងជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ស្ថិតនៅត្រង់ចំណុចក្រោមស្ពានស្ទឹងមានជ័យ សង្កាត់ផ្សារស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យទាំងពីរនាក់ ពាក់ព័ន្ធនឹងករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងលួច (ម៉ូតូ) ដែលបានប្រព្រឹត្តនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១៤៖៤៨នាទី នៅត្រង់ចំណុចផ្លូវលេខ១៣២ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនសង្ស័យខាងលើមានឈ្មោះ តឿ សុវណ្ណ ហៅទី អាយុ២១ឆ្នាំ ឈ្មោះ កង សំណាង ហៅណាង អាយុ៣៣ឆ្នាំ (ជាអ្នកប្រតាយប្រតប់ជាមួយសមត្ថកិច្ច ដើម្បីរំដោះឈ្មោះ តឿ សុវណ្ណ ហៅទី)។
សម្ភារៈដកហូតរួមមាន ម៉ូតូម៉ាក ហុងដា សង់សេ១២៥ ពណ៌ខ្មៅ (បានប្រគល់ជូនជនរងគ្រោះ), ឧបករណ៍ឆក់ (ពិលឆក់) ចំនួន១ដើម និងស្លាកលេខចំនួន១សន្លឹក (ភ្នំពេញ 1HY-0800)។
កម្លាំងជំនាញនាំជនសង្ស័យខាងលើយកមកនាយកដ្ឋាន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕






