បវរកញ្ញាឯកភពផែនដីអន្តរជាតិមកពី ៣៥ប្រទេសជុំវិញពិភពលោក ចុះទស្សនកិច្ចប្រាសាទអង្គរវត្ត តំបន់រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រគ្មានពីរលើលោក

(ភ្នំពេញ)៖ បវរកញ្ញាឯកភពផែនដីអន្តរជាតិឆ្នាំ២០២៥ (Miss Planet International 2025) មកពី ៣៥ប្រទេស ជុំវិញពិភពលោក នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ បានចុះទស្សនកិច្ចនៅតំបន់ប្រាង្គប្រាសាទអង្គរវត្ត តំបន់រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រដ៏មហស្ចារ្យគ្មានពីរលើលោករបស់កម្ពុជា និងជាទីតាំងបេតិកភណ្ឌវប្បធម៌ដ៏អស្ចារ្យរបស់កម្ពុជា ជានិមិត្តរូបជាតិខ្មែរ ដែលត្រូវបានសាងសង់ឡើងក្នុងសតវត្សទី១២ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ ដើម្បីឧទ្ទិសដល់ព្រះវិស្ណុក្នុងសាសនាព្រហ្មញ្ញ។
សូមបញ្ជាក់ដែរថា កម្មវិធី Miss Planet International 2025 បានរៀបចំជាលេីកទី៥ នៅកម្ពុជា ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ បវរកញ្ញាភពផែនដីអន្តរជាតិ មកពី៣៥ប្រទេស ជុំវិញពិភពលោកចូលរួម រួមមាន៖ Cambodia, Algeria, Australia, Bangladesh, Benin, Cambodia, Cameroon, Cote d’Ivoire, Ethiopia, France, Guatemala, Hati, Hmong, Iceland, India, Indonesia, Ireland, Italy, Japan, Madagascar, Maturitius, Mexico, New Zealand, Panama, Poland, Riviera Maya, Russia, Poland, Slovenia, Suriname, Sweden, Timor Leste, United States, US Virgin។
គួរបញ្ជាក់ថា Miss Planet International ហៅកាត់ថា MPI គឺជាកម្មវិធីប្រកួតសម្រស់អន្តរជាតិ ដែលទទួលស្គាល់ជាសាកល ដេីម្បីលើកកម្ពស់មនសិការបរិស្ថាន ភាពសម្បូរបែបនៃវប្បធម៌ និងការពង្រឹងអំណាចរបស់ស្ត្រី។ ការប្រកួតនេះបានប្រមូលផ្តុំបេក្ខនារីមកពីជុំវិញពិភពលោក ដើម្បីបង្ហាញពីភាពស្រស់ស្អាត ទេពកោសល្យ និងការប្តេជ្ញាចិត្តចំពោះនិរន្តរភាពបរិស្ថាន។
តាមរយៈកម្មវិធីប្រកួតជ្រើសរើសបវរកញ្ញាឯកភពផែនដីអន្តរជាតិឆ្នាំ២០២៥នេះ នឹងចូលរួមចំណែកដល់ការផ្សព្វផ្សាយ ការលើកស្ទួយវិស័យទេសចរណ៍កម្ពុជា និងជំរុញឱ្យមានការចាប់អារម្មណ៍ពីសកលលោកកាន់តែច្រើនមកលើកម្ពុជា និងទទួលស្គាល់កម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាព និងសន្តិភាពពិតប្រាកដ៕

You might also like