ឃាត់ខ្លួនជនសង្ស័យ៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

(ខេត្តប៉ៃលិន)៖ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ក្រោយពីកម្លាំងកងរាជអាវុធហត្ថរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថាមានករណីប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានទំនាក់ទំនងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗ ទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។

ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការសហការ និងផ្តល់ព័ត៌មានដល់កម្លាំងជំនាញ ដោយមានការចង្អុលណែនាំពីលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក នង វណ្ណនី មេបញ្ជាការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បញ្ជាកម្លាំងកងរាជអាវុធហត្ថខេត្ត បានចុះទៅដល់ចំណុចទីតាំងដែលបានរាយការណ៍តាមApp NoDrug ថាមានករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ១ករណី។ កម្លាំងសមត្ថកិច្ចចុះពិនិត្យដល់ទីតាំង និងប្រតិបត្តិការបង្ក្រាបករណីនេះ ធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ៥នាក់ (ស្រី ៣នាក់)។

វត្ថុតាងចាប់យករួមមាន៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីនទឹកកក (ICE) ចំនួន ៧កញ្ចប់ ទម្ងន់១១.៩៩ក្រាមថ្នាំសុទ្ធ, ទូរស័ព្ទចំនួន ៦គ្រឿង, សម្ភារះសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន, បានធ្វើតេស្តទឹកនោមជនសង្ស័យ ៥នាក់ (វិជ្ជមានមេតំហ្វេតាមីន ៣នាក់)។

ជនសង្ស័យ ត្រូវបានកម្លាំងជំនាញឃាត់ខ្លួននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន ដើម្បីសាកសួរបន្ថែមតាមនិតិវិធី៕

You might also like