ក្រសួងរកឃើញថា ស្ថានីយ និងដេប៉ូលក់រាយប្រេងឥន្ធនៈជិត២.០០០ទីតាំង បានបិទបណ្តោះអាសន្នក្រោមហេតុផលអស់ស្តុក
ក្រសួងពាណិជ្ជកម្ម បានរកឃើញថា មានស្ថានីយ និងដេប៉ូលក់រាយប្រេងឥន្ធនៈជិត២.០០០ កន្លែង នៅទូទាំងប្រទេស បានបិទទ្វាបណ្តោះអាសន្ន ក្រោមហេតុផលអស់ស្តុក ក្នុងអំឡុងពេលផលរំខានពីការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងឧស្ម័នជាសកល ដោយសារសង្គ្រាមនៅមជ្ឈឹមបូព៌ា។ ក្រសួងអះអាងថា ក្នុងករណីនេះ មន្រ្តីជំនាញរបស់ក្រសួងនឹងចុះត្រួតពិនិត្យស្វែករកការពិត ហើយប្រសិនបើរកឃើញថា មិនអស់ស្តុកដូចការលើកឡើងពួកគេនឹងរងការពិន័យជាប្រាក់ ឬឈានដល់ដកអាជ្ញាបណ្ណអាជីវកម្មជាបណ្តោះអាសន្ន។
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា ក្រុមមន្រ្តីជំនាញចម្រុះអន្តរក្រសួងនឹងចុះត្រួតពិនិត្យមើលស្ថានភាពជាក់ស្តែងចំពោះស្ថានីយ៍ប្រេងឥន្ធនៈ ដែលបានបិទអាជីវកម្ម ក្រោយហេតុផលស្តុក ការផ្គត់ផ្គង់ ក្នុងប្រតិបត្តិការអាជីវកម្ម។ មន្ត្រីជំនាញចុះពិនិត្យនេះ បន្ទាប់ពីមានស្ថានីយប្រតិបត្តិការលក់រាយប្រេងឥន្ធនៈ ជិត២.០០០ កន្លែង បានបិទទ្វារបណ្ដោះអាសន្ន ក្រោមហេតុផលអស់ស្តុក។
ថ្លែងបទអន្តរាគមន៍ក្នុងសិក្ខាសាលាស្តីពី«ការពង្រឹងភាពធន់ជាតិ និងកាលានុវត្តភាពនៃយុទ្ធសាស្ត្រ អភិបាលកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា» ដែលរៀបចំឡើង ដោយរដ្ឋសភា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ថា កម្ពុជាមានស្ថានីយ៍ប្រេងឥន្ធនៈប្រតិបត្តិការអាជីវកម្មជាង ៦.៣០០កន្លែង។
គិតត្រឹមយប់ថ្ងៃទី១១ ខែមីនានេះ ក្រសួងពាណិជ្ជកម្ម បានរកឃើញ ស្ថានីយ៍ ដេប៉ូ និងអនុស្ថានីយ៍ប្រតិបត្តិការលក់រាយប្រេងឥន្ធនៈជិត ២.០០០ កន្លែង ក្នុងចំណោម ៦.៣០០កន្លែង បានបិទទ្វារបណ្ដោះអាសន្ន ក្រោមហេតុផលអស់ប្រេងពីស្តុក។ រដ្ឋមន្រ្តី បានព្រមានថា ក្នុងករណីក្រសួងរកឃើញមានប្រេងឥន្ធនៈស្តុកទុក មិនបញ្ចេញលក់ឱ្យប្រជាពលរដ្ឋនឹងរងការពិន័យ និងដកអាជ្ញាប័ណ្ណអាជីវកម្មតែម្តង។
បើតាម លោកជំទាវ ចម និម្មល បានបង្ហាញក្តីរំពឹងថា តម្លៃប្រេងឥន្ធនៈលក់រាយនៅកម្ពុជា ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ នឹងធ្លាក់ចុះមកវិញ បន្ទាប់ពីមានសញ្ញាណល្អនៃតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តិចមកវិញនៅវេលាម៉ោងទៀបភ្លឺថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។






