ប្រមុខការទូតកម្ពុជា អរគុណនូវែលសេឡង់បានផ្តល់ជំនួយបន្ថែម ៧,៥ លានដុល្លារនូវែលសេឡង់ដល់កម្ពុជាលើការងារបោសសម្អាតមីន និងអាហារូបករណ៍ដល់កម្ពុជា

ភ្នំពេញ៖ ប្រមុខការទូតកម្ពុជាអរគុណនូវែលសេឡង់បានផ្តល់ជំនួយបន្ថែមចំនួន ៧,៥ លានដុល្លារនូវែលសេឡង់ ដល់កម្ពុជាលើការងារបោសសម្អាតមីន និងការបន្តផ្តល់អាហារូបករណ៍ដល់កម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណបែបនេះ ក្នុងឱកាសអញ្ជើញជួបជជែកពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម វីនស្តុន ភីធឺរ រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦នេះ ក្នុងឱកាសអញ្ជើញដឹកនាំគណប្រតិភូបំពេញទស្សនកិច្ចផ្លូវការនៅ ណូវែលសេឡង់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនភាគីនូវែលសេឡង់នូវសេចក្តីសោមនស្សរីករាយ ចំពោះទស្សនកិច្ចលើកដំបូងរបស់ឯកឧត្តម នៅប្រទេសនូវែលសេឡង់ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីដ៏រឹងមាំរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យសំខាន់ៗដូចជា៖ ពាណិជ្ជកម្ម វិនិយោគ អប់រំ និងកសិកម្ម។
ទន្ទឹមនេះ ឯកឧត្តម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់នូវែលសេឡង់ដែលបានផ្តល់ជំនួយបន្ថែមចំនួន ៧,៥ លានដុល្លារនូវែលសេឡង់ ដល់កម្ពុជាលើការងារបោសសម្អាតមីន និងការបន្តផ្តល់អាហារូបករណ៍ដល់កម្ពុជា។ ក្នុងន័យនេះ ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី ថ្នាក់ដឹកនាំកម្ពុជា-នូវែលសេឡង់ តែងតែឆ្លៀតឱកាសជួបពិភាក្សាគ្នា។
ក្នុងជំនួបនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានឆ្លៀតឱកាសធ្វើបច្ចុប្បន្នភាពជូនភាគីមិត្តនូវការវិវត្តថ្មីៗពាក់ព័ន្ធនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ៕

You might also like