ទិដ្ឋភាព បច្ចុប្បន្នភាពនៅតំបន់បឹងត្រកួន ភូមិជោគជ័យ និងភូមិព្រៃចាន់ ជាទីតាំងដែលយោធាថៃ រាយបន្លាលួស ដាក់ទូកុងតឺន័រ ចូលកាន់កាប់ដោយខុសច្បាប់ក្រោយបទឈប់បាញ់ ចូលជាធរមាន

(ព្រំដែន)៖ ទស្សនាទិដ្ឋភាព បច្ចុប្បន្នភាពនៅតំបន់បឹងត្រកួន ភូមិជោគជ័យ និងភូមិព្រៃចាន់ ជាទីតាំងដែលយោធាថៃ រាយបន្លាលួស ដាក់ទូកុងតឺន័រ ចូលកាន់កាប់ដោយខុសច្បាប់ក្រោយបទឈប់បាញ់រវាងកងទ័ពទាំងពីរ បានចូលជាធរមាន។ ខណៈយោធាថៃ បានដាក់ទូកុងតឺន័រចំនួន២០កន្លែង ដែលមានសរុប ១០៥ទូ នៅភូមិជោគជ័យ ភូមិព្រៃចាន់ និងតំបន់បឹងត្រកួន ខេត្តបន្ទាយមានជ័យ។
ទិដ្ឋភាពនេះត្រូវបានក្រុមការងារបណ្តាញព័ត៌មាន ចុះមកផ្តិតដោយផ្ទាល់នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦នេះ ក្នុងឱកាសដែលក្រសួងព័ត៌មាន បានសម្របសម្រួលអ្នកសារជាតិ និងអន្តរជាតិ ចុះមកដល់តំបន់ទាំង ៣ខាងលើ ដែលស្ថិតនៅស្រុកអូរជ្រៅ និងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ទីតាំងតំបន់បឹងត្រកួន ភូមិជោគជ័យ និងភូមិព្រៃចាន់ គឺជាទឹកដីរបស់កម្ពុជា ប៉ុន្តែត្រូវបានយោធាថៃ បើកការឈ្លានពានទាំងកម្រោលខុសច្បាប់អន្តរជាតិ រហូតប្រែក្លាយភូមិឋានដែលធ្លាប់តែមានភាពអ៊ូរអរ មកជាតំបន់ស្ងាត់ជ្រងំ ពីព្រោះប្រជាពលរដ្ឋនៅមិនទាន់អាចត្រឡប់ទៅកាន់ផ្ទះសម្បែងវិញបានឡើយ។ ការមិនទាន់អាចត្រឡប់ទៅផ្ទះបានទេព្រោះតែផ្ទះពលរដ្ឋភៀសសឹកស្ថិតនៅក្នុងតំបន់ដែលយោធាថៃ រាយបន្លាលួស ដាក់ទូរកុងតឺន័រព័ទ្ធយកវាយកម្ទេចតំបន់ប្រឈមខ្លាំង។
គួរឱ្យដឹងថា ក្នុងកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កម្ពុជា-ថៃ ឯកភាពអនុញ្ញាតឱ្យជនស៊ីវិលរស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់វិល ត្រឡប់ទៅផ្ទះសម្បែង និងប្រកបជីវភាពរស់នៅធម្មតារបស់ពួកគេវិញ ក្នុងពេលឆាប់ៗបំផុត ដោយគ្មានការរារាំង និងដោយមានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ នៅក្នុងតំបន់រៀងៗខ្លួន។ ប៉ុន្តែជិត៣ខែក្រោយមក រាជរដ្ឋាភិបាលកម្ពុជា អះអាងថាថៃ បានបំពានកិច្ចព្រមព្រៀង ដែលបានឯកភាព ហើយបានហៅទង្វើរបស់ថៃ ថាជាទង្វើមិនស្មោះត្រង់។
គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា បានស្នើទៅកាន់ភាគីថៃ ឱ្យចាត់ក្រុមការងារជំនាញ មកបន្តការងារបោះបង្គោលព្រំដែនបណ្ដោះអាសន្ននៅតាមបន្ទាត់ព្រំដែនដែលបន្តក្ដៅ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមព្រំដែន។
សូមជម្រាបថា លោក អ៊ុំរាត្រី អភិបាលខេត្តបន្ទាយមានជ័យ កាលពីថ្មីៗនេះ បានប្រាប់ឯកអង្គទូត និងអង្គការអន្តរជាតិថា យោធាថៃ បានរំលោភកាន់កាប់ដីកម្ពុជាដោយខុសច្បាប់ប្រមាណ ៧៦០ហិកតា។
អភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់យ៉ាងលម្អិតថា នៅភូមិជោគជ័យ យោធាថៃ បានរាយបន្លាលួស ដាក់ទូរកុងតឺន័រចំនួន១៦ទូ លើទីតាំងចំនួន៤ កាន់កាប់ដីខ្មែរចំនួន ១៣៧ហិកតា។ នៅភូមិព្រៃចាន់វិញ យោធាថៃ បានដាក់ទូកុងតឺន័រចំនួន៦៣ទូ លើទីតាំងចំនួន៣ ហើយកាន់កាប់ផ្ទៃដីរបស់កម្ពុជា៤២ហិកតា។ ដោយឡែកនៅតំបន់បឹងត្រកួនថៃបានកាន់កាប់ផ្ទៃដីរបស់កម្ពុជាដល់ទៅចំនួន ៥៨៤ហិកតា ដោយបានដាក់ទូកុងតឺន័រចំនួន២៦ទូ លើទីតាំងចំនួន ១៣កន្លែង។
ទង្វើរាយបន្លាលួស ដាក់ទូរកុងតឺន័រ កម្ទេចផ្ទះពលរដ្ឋខ្មែរ បង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង (fait accompli) របស់យោធាថៃឈ្លានពាននៅភូមិជោគជ័យ និងភូមិព្រៃចាន់ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងនៅតំបន់បឹងត្រកួន ក្នុងស្រុកថ្មពួក ថៃ ប៉ុនប៉ងរាយបន្លាលួសក្នុងខេត្តបន្ទាយមានជ័យ គឺក្រោយថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៃបន្ទាប់ពីបទឈប់បាញ់បន្ទាន់បានចូលជាធរមាន។
រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ម្ដងហើយម្ដងទៀតថា កម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ តាមរយៈការប្រើប្រាស់កម្លាំងឡើយ។
ក្នុងបទសម្ភាសន៍ជាមួយ Reuters និងFox News សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កងកម្លាំងថៃ កាន់កាប់ជ្រៅចូលទៅក្នុងទឹកដីកម្ពុជា នៅក្នុងតំបន់ជាច្រើន ហួសពីផែនទីដែលថៃ គូសជាឯកតោភាគីគ្មានការទទួលស្គាល់ពីអន្តរជាតិ។ សម្ដេចបបវរធិបតី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា «នេះមិនមែនជាការចោទប្រកាន់ទេ ប៉ុន្តែវាជាការពិតនៅលើដីផ្ទាល់»៕

You might also like