មន្ត្រីជំនាញបានបញ្ជាក់ថា ការងារជួសជុល និងថែទាំផ្លូវនេះ មានគោលបំណងធានាសុវត្ថិភាព និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ
(ខេត្តមណ្ឌលគិរី)៖ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី បានបន្តអនុវត្តការងារជួសជុល និងថែទាំផ្លូវជាតិលេខ៧៦ ដោយធ្វើការបំពាក់ស្រទាប់ផ្លូវ (Reseal) លើកំណាត់ផ្លូវចន្លោះពី PK112+500 ដល់ PK117+700 ដើម្បីធានាគុណភាពផ្លូវ និងសុវត្ថិភាពក្នុងការធ្វើដំណើរ។ ក្នុងនោះ ក្រុមការងារក៏បានអនុវត្តការងារភ្ជួរ និងជួសជុលនៅទីតាំងផ្លូវស្រុតប៉ោង ចន្លោះពី PK114 ដល់ PK115 ដែលមានប្រវែងប្រមាណ ៥២ ម៉ែត្រ និងទទឹង ៥ ម៉ែត្រ ដើម្បីស្តារឡើងវិញនូវស្ថានភាពផ្លូវឲ្យមានភាពរឹងមាំ និងអាចប្រើប្រាស់បានល្អប្រសើរឡើង។ ការងារខាងលើនេះ ត្រូវបានអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី ក្រោមការដឹកនាំរបស់លោក រស់ គឹមធន ប្រធានមន្ទីរ ខណៈដែលផ្លូវជាតិលេខ៧៦ នៅតំបន់មួយចំនួនបានទទួលរងការខូចខាត និងទ្រុតទ្រោមតាមការប្រើប្រាស់ និងស្ថានភាពអាកាសធាតុ។
មន្ត្រីជំនាញបានបញ្ជាក់ថា ការងារជួសជុល និងថែទាំផ្លូវនេះ មានគោលបំណងធានាសុវត្ថិភាព និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ព្រមទាំងជួយលើកស្ទួយវិស័យទេសចរណ៍ផងដែរ ព្រោះផ្លូវជាតិលេខ៧៦ គឺជាខ្សែផ្លូវសំខាន់មួយ ដែលភ្ជាប់ទៅកាន់តំបន់ទេសចរណ៍នានា ក្នុងខេត្តមណ្ឌលគិរី ដែលស្ថិតនៅភូមិភាគឦសាននៃប្រទេសកម្ពុជា និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្តជាបន្តបន្ទាប់៕






