តើទង្វើបែបនេះ អាចហៅថាជាពិធីកាត់សក់បង្កក់សិរីសួស្តី ជូនដល់គូស្វាមីភរិយាថ្មីបានដែរទេ? (ស្លៀកពាក់ខោទឹកនោមរបស់តួអង្គសម្តែង)
នៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៦ មន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង បានចែករំលែកនូវករណីវង់ភ្លេងខ្មែរមួយក្រុម ដែលបានសម្ដែងស្លៀកខោទឹកនោម ក្នុងកាយវិការលើសលួស ក្នុងកម្មវិធីកាត់សក់បង្ក់សិរីមួយ ហើយបានរងការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន។
មន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា វង់ភ្លេងខ្មែរមួយក្រុមនោះបានសម្តែងក្នុងពិធីកាត់សក់បង្កក់សិរីក្នុងកម្មវិធីមង្គលការមួយ ហើយបានរងការរិះគន់ពីមហាជនចំពោះការប្រើកាយវិកាមិនសមរម្យ ជាពិសេសការស្លៀកពាក់ខោទឹកនោមរបស់តួអង្គសម្តែង ដែលបានសម្ដែងនៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៦ ថ្មីៗនេះ ដោយបានពុំបានដឹងទីតាំងជាក់លាក់ថាស្ថិតនៅភូមិសាស្ត្រណាឡើយ។
តាមរយៈសកម្មភាពនេះ បានធ្វើឱ្យអ្នកដែលកំពុងទស្សនា បានចូលខមិនសួរថា ៖ «តើទង្វើបែបនេះ អាចហៅថាជាពិធីកាត់សក់បង្កក់សិរីសួស្តី ជូនដល់គូស្វាមីភរិយាថ្មីបានដែរទេ?»។
ទន្ទឹមគ្នានេះ មន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង ក៏បានបញ្ជាក់ជូនបន្ថែមថា ខាងមន្ទីរសង្ឃឹមថា វង់ភ្លេងប្រពៃណីក្នុងខេត្តកំពង់ឆ្នាំង ពុំមានទិដ្ឋភាពសម្តែងដូចក្នុងរូបនេះ និង សូមរួមគ្នាថែរក្សា និង ឱ្យតម្លៃពិធីមង្គលដែលនាំមកនូវសិរីសួស្តី៕






