ឯកឧត្តម ហ៊ុន ម៉ានី៖ ខ្ញុំមានសេចក្តីក្ដុកក្ដួល និងសោកស្ដាយជាទីបំផុតដោយទទួលដំណឹងពីមរណភាពរបស់ លោកយាយ អូម មុត ដែលបានទទួលមរណភាពនៅថ្ងៃ​អាទិត្យ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១២:៤០នាទីថ្ងៃត្រង់ ក្នុងជន្មាយុ ៨១ឆ្នាំ ដោយជរាពាធ។

ការឃ្លាតចាកទៅរបស់លោកយាយ គឺជាការបាត់បង់ដ៏ធំធេងនូវម្ដាយ និងជីដូនដ៏ប្រកបដោយព្រហ្មវិហារធម៌ ដែលជាទីគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅរបស់ក្រុមគ្រួសារ និងជាការបាត់បង់ធនធានមនុស្សដ៏មានតម្លៃម្នាក់ផងដែរ ក្នុងនាមជាអ្នកតម្បាញដែលពោរពេញដោយសមត្ថភាព និងទេពកោសល្យ។ លោកយាយ គឺជាតួអង្គដ៏សំខាន់ដែលបានចូលរួម និងគាំទ្រចាប់តាំងពីដំណាក់កាលដំបូង ក្នុងការរៀបចំការត្បាញក្រមាប្រវែង ១,០០០ ម៉ែត្រ រហូតដល់សម្រេចបាននូវជោគជ័យនៃការបំបែកឯតទគ្គកម្មក្រមាវែងជាងគេលើពិភពលោក និងរួមចំណែកលើកតម្កើងស្នាដៃវប្បធម៌ និងមរតកតម្បាញខ្មែរ កាន់តែសុសសាយ។
ខ្ញុំសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារនៃសពរបស់ លោកយាយ អូម មុត និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកយាយ បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
You might also like