ស្ត្រីម្ចាស់បំណុល បង្ហោះរូបអាក្រាតកាយរបស់កូនបំណុល ជាថ្នូរទារលុយមិនបាន

(ភ្នំពេញ)៖ ស្ត្រីម្នាក់រកស៊ីផ្តល់កម្ចីប្រាក់ មានគណនេយ្យហ្វេសប៊ុកឈ្មោះ «ម៉ាក់ តី» បានសម្រេចយករូបភាពអាក្រាតកាយកូនបំណុលរបស់ខ្លួនមកបង្ហោះជាសាធារណៈលើបណ្តាញសង្គមហ្វេសប៊ុក។
ស្ត្រីជាកូនបំណុល និងជាម្ចាស់រូបភាពអាក្រាតកាយ បានឱ្យដឹងថា ខ្លួនបានបង់ការប្រាក់ជាបន្តបន្ទាប់ តែពេលនេះរកលុយបង់មិនទាន់ក៏ត្រូវម្ចាស់បំណុលយករូបភាពទៅបង្ហោះតែម្តង ទោះបីគេព្យាយាមអង្វរយ៉ាងណាក្តី។ ស្ត្រីជាកូនបំណុល បានបញ្ជាក់ថា រូបភាពអាក្រាតកាយរបស់គេ គឺបង្ហោះក្នុង Story លក្ខណៈឯកជនភាព តែមិនដឹងស្ត្រីជាម្ចាស់បំណុលទៅយករូបភាពអាក្រាតកាយរបស់គាត់ដោយវិធីណា និងកន្លែងណានោះឡើយ។
ការដោះស្រាយទំនាស់ទាំងឡាយរវាងបុគ្គល និងបុគ្គលក្នុងសង្គម គឺត្រូវរកស្ថាប័នមិនអាចជ្រើសយកវិធីតាមចិត្តខ្លួននោះឡើយព្រោះវិធីដែលខ្លួនជ្រើសនោះ អាចជារឿងខុសច្បាប់។
ការជ្រើសយកជម្រើសបង្ហោះរូបកូនបំណុលជាសាធារណៈ ជាការរំលោភយ៉ាងធ្ងន់ធ្ងរលើសិទ្ធិរូបភាព សេចក្តីថ្លៃថ្នូររបស់មនុស្សដែលការពារដោយច្បាប់។ ការបង្ហោះរូបអាក្រាតកាយ គឺខុសកាន់តែធ្ងន់ធ្ងរ ដែលអាចជាប់ព័ន្ធនឹងបទល្មើសចែកចាយរូបអាសអាភាស។
កម្ចីអនឡាញ កម្ចីក្រៅប្រព័ន្ធ កំពុងក្លាយជាភាពអនាធិបតេយ្យក្នុងសង្គម ព្រោះអ្នកផ្តល់កម្ចី និងអ្នកខ្ចី បានជ្រើសយកវិធីក្រៅប្រព័ន្ធច្បាប់ដោះស្រាយបញ្ហារបស់ពួកគេ៕

You might also like