TAFTAC អរគុណក្រសួងពាណិជ្ជកម្ម ដែលតែងតែគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការ ដើម្បីជំរុញកំណើននៃការនាំចេញ ក្នុងវិស័យឧស្សាហកម្មកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប

នាថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនគណៈប្រតិភូសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) ដឹកនាំដោយលោក Enjoy Ho ប្រធានសមាគមថ្មី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ និងអបអរសាទរចំពោះលោក Enjoy Ho ដែលត្រូវបានជ្រើសតាំងជាប្រធានសមាគមថ្មី ព្រមទាំងអនុប្រធាន និងសមាជិកនៃក្រុមប្រឹក្សាភិបាលរបស់សមាគម។

ក្នុងជំនួបនេះ ភាគីទាំងពីរ បានចែករំលែកព័ត៌មានគ្នាទៅវិញទៅមក ក្នុងគោលបំណងស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងការនាំចេញវិស័យវាយនភ័ណ្ឌកាត់ដេរ ក្នុងបរិបទដែលពិភពលោកកំពុងតែមានភាពមិនប្រកដប្រជា និងក្នុងពេលដែលកម្ពុជាកំពុងត្រៀមខ្លួនក្នុងការចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩ ខាងមុខនេះ។

ក្នុងឱកាសនោះ លោកប្រធានសមាគម បានថ្លែងអំណរគុណចំពោះលោកជំទាវរដ្ឋមន្រ្តី ក៏ដូចជាថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ដែលតែងតែគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការក្នុងការបន្តធ្វើការរួមគ្នា ដើម្បីជំរុញកំណើននៃការនាំចេញ ក្នុងវិស័យឧស្សាហកម្មកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប របស់កម្ពុជា៕

You might also like