ប្រទះឃើញសពបុរសបរទេសម្នាក់ ត្រូវបានគេយកទៅប្លុងចោលនៅដីឡូត៌១កន្លែង បង្កការភ្ញាក់ផ្អើល

ភ្នំពេញ ៖ ប្រទះឃើញសពបុរសបរទេសម្នាក់ ត្រូវបានគេយកទៅប្លុងចោលនៅដីឡូត៌១កន្លែង បង្កការភ្ញាក់ផ្អើល កាលពី ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លុវបេតុង១កន្លែង ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
មុនពេលកើតហេតុ មានបុរសភេទទី៣ម្នាក់ បានធ្វើដំណើរឆ្លងកាត់ទីតាំងកើតហេតុ ក៏បានប្រទះឃើញសពមនុស្សម្នាក់ រុំទៅដោយក្រណាត់កម្រាលពូក ពណ៌ខៀវ ពីក្បាលដល់ស្មងជើង និងមានរុំស្កុត ព្រមទាំងមានក្រម៉ាចងកជើងទាំងសងខាងថែមទៀតផង។ បន្ទាប់ពីឃើញបែបនេះ គាត់ក៏ភ័យខ្លាំងណាស់ ហើយក៏បានធ្វើដំណើរទៅប្រាប់សន្តិសុខយាមបុរីដែលនៅជិតនោះថា គាត់បានឃើញសពមនុស្សនៅផ្លូវបេតុងក្បែរនោះ ។ ក្រោយទទួលដំណឹងនេះភ្លាមសន្តិសុខ បានរាយការណ៍ជូនមេរបស់ខ្លួន ទើបដំណឹងនេះបានទៅដល់សមត្ថកិច្ចមូលដ្ឋាន ។

លោកអធិការខណ្ឌសែនសុខ រួមទាំងលោកអធិការរងបានធ្វើដំណើរចុះមកកាន់ទីតាំងកើតហេតុភ្លាមៗ និងបានហ៊ុមព័ទ្ធខ្សែប្រត្តិបត្តិការរបស់សមត្ថកិច្ច ដើម្បីហាមមិនអោយពលរដ្ឋឆ្លងកាត់ទីតាំងប្រទះឃើញសព ព្រមទាំងបានរាយការណ៍ទៅកាន់មន្ត្រីជំនាញកោសល្យវិច្ឆ័យភ្លាមៗ ។
សមត្ថកិច្ចជំនាញផ្នែកកោសល្យវិច្ច័យបានចុះមកធ្វើការត្រួតពិនិត្យសព ទើបដឹងថាជនរងគ្រោះដែលបានស្លាប់នោះ ជាមនុស្សប្រុស ជាជនបរទេស មានមុខមាត់បែបអាស៊ី វ័យប្រមាណ៤០ឆ្នាំ សភាពផ្ទៃមុខសព រងនូវការវាយប្រហារដូចធ្វើទារុណ្ឌកម្ម ស្នាមរបួសពេញមុខ ។
សពត្រូវបានសមត្ថកិច្ចជំនាញ ប្រគល់ជូនសមត្ថកិច្ចខាងអន្តោប្រវេសន៍ ដើម្បីស្វែងរកក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី និងស្រាវជ្រាវរកឃាតករ យកមកអនុវត្តបន្តតាមនីតិវិធីនៅពេលក្រោយ ៕

You might also like