នាយកមជ្ឈមណ្ឌលប្រឆាំងភេរវកម្មជាតិអាមេរិក លាឈប់ពីតំណែង ក្រោយមិនពេញចិត្តនឹងសង្គ្រាមនៅអ៉ីរ៉ង់

(វ៉ាស៊ីនតោន)៖ លោក Joseph Kent នាយកមជ្ឈមណ្ឌលប្រឆាំងភេរវកម្មជាតិអាមេរិក (NCTC) បានសម្រេចចិត្តលាលែងពីតំណែងកាលពីថ្ងៃអង្គារ ដោយក្លាយជាមន្ត្រីជាន់ខ្ពស់បំផុតដំបូងគេក្នុងរដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលដើរចេញដោយសារតែជម្លោះសង្គ្រាមនៅអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
តាមរយៈលិខិតលាលែងពីតំណែងដែលបានបង្ហោះលើបណ្តាញសង្គម X លោក Kent បានបញ្ជាក់យ៉ាងច្បាស់ថា លោកមិនអាចគាំទ្រសង្គ្រាមដែលកំពុងកើតឡើងនៅអ៉ីរ៉ង់បានឡើយ ដោយលោកអះអាងថា «អ៉ីរ៉ង់មិនបានបង្កការគំរាមកំហែងដល់ជាតិយើងឡើយ ហើយវាច្បាស់ណាស់ថា យើងបានចាប់ផ្តើមសង្គ្រាមនេះ ដោយសារតែសម្ពាធពីអ៉ីស្រាអែល និងក្រុមអ្នកបញ្ចុះបញ្ចូលដ៏មានឥទ្ធិពលរបស់ពួកគេ»។
គួរបញ្ជាក់ថា ការលាលែងពីតំណែងនេះ បានធ្វើឱ្យមន្ត្រីចារកម្មអាមេរិកជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ លោក Kent ត្រូវបានគេដឹងថា ជាមនុស្សជំនិតនឹងនាយកចារកម្មជាតិ លោកស្រី Tulsi Gabbard ដែលកំពុងរក្សាភាពស្ងប់ស្ងាត់យ៉ាងខ្លាំង ចាប់តាំងពីសង្គ្រាមនៅអ៉ីរ៉ង់បានផ្ទុះឡើងមក។ ខណៈសេតវិមាន និងការិយាល័យនាយកចារកម្មជាតិ មិនទាន់ធ្វើអត្ថាធិប្បាយណាមួយជុំវិញការលាលែងនេះ អ្នកជំនាញផ្នែកច្បាប់មួយចំនួនបានលើកឡើងថា ការចាប់ផ្តើមសង្គ្រាមរបស់អាមេរិកលើអ៉ីរ៉ង់ អាចនឹងបំពានលើច្បាប់បច្ចុប្បន្ន ដោយសារខ្វះភស្តុតាងបង្ហាញពីការគំរាមកំហែងដែលជិតមកដល់៕

You might also like