ក្រសួងធនធានទឹក បើកសន្និបាតបូកសរុបលទ្ធផលការងារ របស់ក្រសួង, គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប និងលើកទិសដៅអនុវត្ត

នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ប្រចាំឆ្នាំ២០២៥ និងទិសដៅអនុវត្តឆ្នាំ២០២៦ នៅសាលប្រជុំនៃទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម។
ថ្លែងក្នុងអង្គពិធី ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង-ស្ថាប័នទាំងបី ព្រមទាំងភាគីពាក់ព័ន្ធដែលបានខិតខំរួមគ្នាបំពេញភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម រហូតសម្រេចបានលទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់ក្នុងឆ្នាំ២០២៥ ស្របតាមផែនការសកម្មភាពដែលបានដាក់ចេញ ដើម្បីពង្រឹងសន្តិសុខទឹក ទ្រទ្រង់ប្រព័ន្ធអេកូឡូស៊ី និងកាត់បន្ថយនូវការខូចខាតដែលបណ្តាលមកពីគ្រោះធម្មជាតិ ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ ជាពិសេស ដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានបន្តការគាំទ្រយ៉ាងសកម្មទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយម នៅព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ក៏ដូចជាអាជ្ញាធរទន្លេសាប បាននិងកំពុងបន្តអនុវត្តយ៉ាងសកម្មនូវអាទិភាពគន្លឹះទាំង៥ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា គឺ«មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា» ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឈានទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០ ដោយបានកំណត់នូវសកម្មភាពជាអាទិភាព សូចនាករ ពេលវេលាច្បាស់លាស់សម្រាប់អនុវត្ត និងយន្តការសម្រាប់ត្រួតពិនិត្យនិងវាយតម្លៃដោយផ្អែកលើក្របខ័ណ្ឌលទ្ធផល ដើម្បីទទួលបានជោគជ័យក្នុងការគ្រប់គ្រងអាងទន្លេ និងធនធានទឹកចម្រុះ ការអភិវឌ្ឍ និងការគ្រប់គ្រងធនធានទឹក និងឧតុនិយម ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងនិរន្តរភាព។
សូមបញ្ជាក់ថា អង្គសន្និបាតប្រព្រឹត្តទៅរយៈពេលមួយថ្ងៃដោយមានការធ្វើបទបង្ហាញចំនួន៤ របស់តំណាងអគ្គនាយកដ្ឋានកិច្ចការដ្ឋបាល និងអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម អគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប និងបទអន្តរាគមន៍ចំនួន ៤ របស់តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ៕

You might also like